1. ក្រោយមកទៀត មានរឿងកើតឡើងដូចតទៅ: សម្ដេចអាប់សាឡុម ជាបុត្ររបស់ព្រះបាទដាវីឌ មានប្អូនស្រីម្នាក់នាមព្រះនាងតាម៉ារ ដែលមានរូបឆោមល្អស្អាត។ រីឯសម្ដេចអាំណូន ជាបុត្រាមួយអង្គទៀតរបស់ព្រះបាទដាវីឌ មានចិត្តប្រតិព័ទ្ធលើរូបនាង។
2. សម្ដេចអាំណូនមានចិត្តស្រឡាញ់ព្រះនាង ជាប្អូនស្រីខ្លាំងពេក រហូតដល់ធ្លាក់ខ្លួនឈឺ ដ្បិតរកធ្វើអ្វីនាងមិនបាន ព្រោះនាងនៅក្រមុំព្រហ្មចារី។
3. សម្ដេចអាំណូនមានមិត្តម្នាក់ ជាមនុស្សមានប្រាជ្ញាឈ្លាសវៃណាស់ ឈ្មោះយ៉ូណាដាប់ ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ព្រះបាទដាវីឌ។
4. លោកយ៉ូណាដាប់សួរសម្ដេចអាំណូនថា៖ «ព្រះអង្គម្ចាស់ ហេតុអ្វីក៏មានទឹកមុខស្រងូតជារៀងរាល់ព្រឹកដូច្នេះ? សូមប្រាប់ឲ្យខ្ញុំដឹងផងបានឬទេ?»។ សម្ដេចអាំណូនឆ្លើយថា៖ «ខ្ញុំមានចិត្តប្រតិព័ទ្ធលើរូបព្រះនាងតាម៉ារ ជាប្អូនរបស់សម្ដេចអាប់សាឡុម ប្អូនរបស់ខ្ញុំ»។
5. លោកយ៉ូណាដាប់ពោលថា៖ «ដូច្នេះ សូមទៅផ្ទំនៅលើគ្រែ ហើយធ្វើពុតជាឈឺទៅ។ កាលបិតារបស់ព្រះអង្គម្ចាស់យាងមកសួរសុខទុក្ខ ព្រះអង្គម្ចាស់ត្រូវទូលថា “សូមបិតាមេត្តាអនុញ្ញាតឲ្យតាម៉ារ ជាប្អូនស្រីរបស់ទូលបង្គំ យកម្ហូបអាហារមកឲ្យទូលបង្គំផង។ នាងត្រូវរៀបចំធ្វើម្ហូបអាហារនេះនៅចំពោះមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំឃើញ ហើយទទួលម្ហូបអាហារពីដៃរបស់នាងផ្ទាល់”»។
6. សម្ដេចអាំណូនក៏ទៅផ្ទំ ហើយធ្វើពុតជាឈឺ។ ពេលព្រះរាជាយាងមកសួរសុខទុក្ខ សម្ដេចទូលថា៖ «សូមបិតាមេត្តាអនុញ្ញាតឲ្យតាម៉ារ ជាប្អូនស្រីទូលបង្គំ មកធ្វើនំពីរ នៅមុខទូលបង្គំ រួចហើយនាងលើកនំនោះមកឲ្យទូលបង្គំដោយផ្ទាល់ដៃ ទើបទូលបង្គំទទួលទាន»។
7. ព្រះបាទដាវីឌចាត់គេឲ្យទៅប្រាប់ព្រះនាងតាម៉ារ នៅឯដំណាក់របស់ព្រះនាងថា៖ «ចូរទៅដំណាក់អាំណូនជាបងរបស់នាង ហើយរៀបចំធ្វើម្ហូបអាហារឲ្យបងសោយផង»។
8. ព្រះនាងតាម៉ារយាងទៅដល់ដំណាក់របស់សម្ដេចអាំណូន ជាបងដែលកំពុងផ្ទំលើគ្រែ។ ព្រះនាងយកម្សៅមកច្របាច់ធ្វើនំ ហើយដុតនៅមុខបង។
9. ព្រះនាងយកខ្ទះមកចៀននំ រួចយកទៅថ្វាយសម្ដេចអាំណូន ប៉ុន្តែ សម្ដេចមិនព្រមសោយទេ។ សម្ដេចបញ្ជាឲ្យអ្នកឯទៀតៗចេញពីបន្ទប់ទាំងអស់គ្នា ពួកគេក៏ចេញទៅ។
10. សម្ដេចអាំណូនប្រាប់ព្រះនាងតាម៉ារថា៖ «ចូរយកនំមកឲ្យបងដល់គ្រែផង ដើម្បីឲ្យបងទទួលទាននំពីដៃរបស់ប្អូនផ្ទាល់»។ ព្រះនាងតាម៉ារយកនំដែលខ្លួនបានធ្វើនោះ ទៅថ្វាយសម្ដេចអាំណូនដល់គ្រែ។
11. ពេលនាងកំពុងលើកនំមកថ្វាយនោះ សម្ដេចចាប់នាង ទាំងពោលថា៖ «អូនអើយ! ចូរមករួមដំណេកជាមួយបង!»។