21. ពួករាជបម្រើទូលសួរថា៖ «បពិត្រព្រះករុណា ស្ដេចប្រព្រឹត្តបែបនេះមានន័យដូចម្ដេចដែរ? កាលព្រះឱរសមានជីវិតនៅឡើយ ព្រះករុណាតមអាហារ ហើយសោកសង្រេងទៀតផង។ ឥឡូវនេះ ព្រះឱរសសុគតផុតហើយ ព្រះករុណាបែរជាក្រោកឡើង សោយព្រះស្ងោយទៅវិញ!»។
22. ព្រះបាទដាវីឌតបវិញថា៖ «កាលកូនរបស់យើងរស់នៅឡើយ យើងតមអាហារ និងសោកសង្រេង ដោយនឹកថា ព្រះអម្ចាស់ប្រហែលជាប្រណីសន្ដោសដល់យើង ហើយទុកឲ្យកូននោះមានជីវិតតទៅទៀត។
23. ឥឡូវនេះ កូនយើងស្លាប់ផុតទៅហើយ តើយើងតមអាហារធ្វើអ្វីទៀត? យើងមិនអាចធ្វើឲ្យវារស់ឡើងវិញបានឡើយ! យើងទេតើដែលនឹងទៅជួបវា គឺមិនមែនវាទេដែលនឹងមកជួបយើង»។
24. ព្រះបាទដាវីឌសម្រាលទុក្ខនាងបាតសេបា ជាមហេសី ហើយក៏រួមរស់ជាមួយនាង។ នាងប្រសូតបានបុត្រមួយអង្គ រួចប្រទាននាមថា សាឡូម៉ូន។ ព្រះអម្ចាស់ស្រឡាញ់បុត្រនោះណាស់
25. ព្រះអង្គចាត់ព្យាការីណាថានឲ្យទៅប្រាប់ព្រះបាទដាវីឌជ្រាប ហើយថ្វាយនាមបុត្រនោះថា «យេឌីឌីយ៉ា»មានន័យថា «អ្នកជាទីស្រឡាញ់របស់ព្រះអម្ចាស់»។
26. នៅគ្រានោះ លោកយ៉ូអាប់វាយយកទីក្រុងរ៉ាបាត ជារាជធានីរបស់ជនជាតិអាំម៉ូន ហើយដណ្ដើមយកវាំងរបស់ស្ដេច។
27. លោកចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទដាវីឌថា៖ «ទូលបង្គំវាយទីក្រុងរ៉ាបាត ហើយដណ្ដើមយកបានកន្លែងដែលរក្សាទឹកទៀតផង។
28. ឥឡូវនេះ សូមព្រះករុណាប្រមូលទ័ពដែលនៅសល់ មកវាយយកទីក្រុងនោះ ដោយផ្ទាល់ចុះ ក្រែងទូលបង្គំវាយយកបាន ហើយគេថា ក្រុងនោះជាកម្មសិទ្ធិរបស់ទូលបង្គំ»។
29. ព្រះបាទដាវីឌប្រមូលទ័ពទាំងអស់ទៅវាយក្រុងរ៉ាបាត ហើយដណ្ដើមយកបាន។