15. បន្ទាប់មក ព្យាការីណាថានក៏វិលត្រឡប់ទៅផ្ទះរបស់លោកវិញ។ ព្រះអម្ចាស់ធ្វើឲ្យកូនដែលនាងបាតសេបា ជាភរិយារបស់សពលោកអ៊ូរី បានបង្កើតថ្វាយព្រះបាទដាវីឌនោះមានជំងឺ។
16. ព្រះបាទដាវីឌទូលអង្វរព្រះជាម្ចាស់ឲ្យកូននោះ ទាំងតមអាហារ។ កាលស្ដេចយាងចូលក្រឡាបន្ទំ ស្ដេចផ្ទំផ្ទាល់នឹងដី។
17. ពួកព្រឹទ្ធាចារ្យនៅក្នុងដំណាក់ទទូចសូមឲ្យស្ដេចតើនឡើង ប៉ុន្តែ ទ្រង់មិនព្រមទេ ហើយក៏មិនសោយព្រះស្ងោយជាមួយពួកគេដែរ។
18. នៅថ្ងៃទីប្រាំពីរ កូននោះក៏ស្លាប់។ រាជបម្រើមិនហ៊ានទូលដំណឹងនេះថ្វាយព្រះបាទដាវីឌទេ ព្រោះពួកគេនិយាយគ្នាថា៖ «កាលកូនមានជីវិតនៅឡើយ យើងបាននិយាយជាមួយព្រះករុណា តែព្រះករុណាពុំព្រមស្ដាប់យើងទេ ចុះឥឡូវនេះ កូនស្លាប់ហើយ តើយើងត្រូវទូលយ៉ាងដូចម្ដេច ដើម្បីកុំឲ្យស្ដេចធ្វើបាបខ្លួនឯង»។
19. កាលព្រះបាទដាវីឌទតឃើញរាជបម្រើខ្សឹបខ្សៀវគ្នា ទ្រង់ក៏យល់ថា កូននោះស្លាប់ហើយ។ ព្រះរាជាសួរពួកគេថា៖ «កូនរបស់យើងស្លាប់ហើយឬ?»។ ពួកគេទូលថា៖ «បពិត្រព្រះករុណា! ព្រះឱរសនោះសុគតហើយ»។
20. ព្រះបាទដាវីឌក្រោកពីដី ស្រង់ទឹក ប្រោះទឹកអប់ ព្រមទាំងផ្លាស់ព្រះភូសា រួចយាងចូលព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីថ្វាយបង្គំព្រះអង្គ។ ពេលត្រឡប់មកវិញ ស្ដេចបញ្ជាឲ្យគេរៀបចំព្រះស្ងោយ ហើយទ្រង់ក៏សោយ។
21. ពួករាជបម្រើទូលសួរថា៖ «បពិត្រព្រះករុណា ស្ដេចប្រព្រឹត្តបែបនេះមានន័យដូចម្ដេចដែរ? កាលព្រះឱរសមានជីវិតនៅឡើយ ព្រះករុណាតមអាហារ ហើយសោកសង្រេងទៀតផង។ ឥឡូវនេះ ព្រះឱរសសុគតផុតហើយ ព្រះករុណាបែរជាក្រោកឡើង សោយព្រះស្ងោយទៅវិញ!»។
22. ព្រះបាទដាវីឌតបវិញថា៖ «កាលកូនរបស់យើងរស់នៅឡើយ យើងតមអាហារ និងសោកសង្រេង ដោយនឹកថា ព្រះអម្ចាស់ប្រហែលជាប្រណីសន្ដោសដល់យើង ហើយទុកឲ្យកូននោះមានជីវិតតទៅទៀត។
23. ឥឡូវនេះ កូនយើងស្លាប់ផុតទៅហើយ តើយើងតមអាហារធ្វើអ្វីទៀត? យើងមិនអាចធ្វើឲ្យវារស់ឡើងវិញបានឡើយ! យើងទេតើដែលនឹងទៅជួបវា គឺមិនមែនវាទេដែលនឹងមកជួបយើង»។
24. ព្រះបាទដាវីឌសម្រាលទុក្ខនាងបាតសេបា ជាមហេសី ហើយក៏រួមរស់ជាមួយនាង។ នាងប្រសូតបានបុត្រមួយអង្គ រួចប្រទាននាមថា សាឡូម៉ូន។ ព្រះអម្ចាស់ស្រឡាញ់បុត្រនោះណាស់
25. ព្រះអង្គចាត់ព្យាការីណាថានឲ្យទៅប្រាប់ព្រះបាទដាវីឌជ្រាប ហើយថ្វាយនាមបុត្រនោះថា «យេឌីឌីយ៉ា»មានន័យថា «អ្នកជាទីស្រឡាញ់របស់ព្រះអម្ចាស់»។
26. នៅគ្រានោះ លោកយ៉ូអាប់វាយយកទីក្រុងរ៉ាបាត ជារាជធានីរបស់ជនជាតិអាំម៉ូន ហើយដណ្ដើមយកវាំងរបស់ស្ដេច។
27. លោកចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទដាវីឌថា៖ «ទូលបង្គំវាយទីក្រុងរ៉ាបាត ហើយដណ្ដើមយកបានកន្លែងដែលរក្សាទឹកទៀតផង។
28. ឥឡូវនេះ សូមព្រះករុណាប្រមូលទ័ពដែលនៅសល់ មកវាយយកទីក្រុងនោះ ដោយផ្ទាល់ចុះ ក្រែងទូលបង្គំវាយយកបាន ហើយគេថា ក្រុងនោះជាកម្មសិទ្ធិរបស់ទូលបង្គំ»។
29. ព្រះបាទដាវីឌប្រមូលទ័ពទាំងអស់ទៅវាយក្រុងរ៉ាបាត ហើយដណ្ដើមយកបាន។
30. ព្រះបាទដាវីឌយកបានមកុដដែលស្ថិតនៅលើព្រះសិរសាស្ដេចរបស់ជនជាតិអាំម៉ូន។ មកុដនោះធ្វើអំពីមាស ទម្ងន់ជាងសាមសិបប្រាំគីឡូក្រាម ហើយមានដាំត្បូងពេជ្រទៀតផង។ គេយកមកុដនោះមកបំពាក់លើព្រះសិរសារបស់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌក៏រឹបអូសយកជយភ័ណ្ឌយ៉ាងច្រើនពីក្រុងនោះ។
31. រីឯប្រជាជននៅក្រុងនោះវិញ ព្រះបាទដាវីឌបានកៀរយកមកធ្វើជាឈ្លើយ ព្រមទាំងបង្ខំពួកគេឲ្យអារឈើ ដាប់ថ្ម កាប់អុស និងធ្វើឥដ្ឋ។ ព្រះបាទដាវីឌធ្វើដូច្នេះ ចំពោះក្រុងឯទៀតៗរបស់ជនជាតិអាំម៉ូនដែរ។ បន្ទាប់មក ស្ដេចវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញជាមួយកងទ័ពទាំងមូល។