19. គឺលោកបញ្ជាអ្នកនាំសារថា៖ «ពេលអ្នករាយការណ៍អំពីសភាពការណ៍ចំបាំងចប់សព្វគ្រប់ហើយ
20. ប្រសិនបើស្ដេចខ្ញាល់ ហើយមានរាជឱង្ការថា “ហេតុអ្វីបានជាអ្នករាល់គ្នាចូលទៅជិតកំពែងក្រុង ក្នុងពេលប្រយុទ្ធ? តើអ្នករាល់គ្នាមិនដឹងថា ខ្មាំងបាញ់ព្រួញពីលើកំពែងក្រុងមកទេឬ?
21. តើអ្នករាល់គ្នាមិនដឹងទេឬថា លោកអប៊ីមាឡេក ជាកូនរបស់លោកយេរូបាល ត្រូវស្លាប់នៅថេបេស ព្រោះតែស្ត្រីម្នាក់ទម្លាក់ថ្មត្បាល់ពីលើកំពែងមកចំលោក។ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាចូលជិតកំពែងក្រុងយ៉ាងនេះ?” នោះត្រូវទូលស្ដេចថា លោកអ៊ូរី ជនជាតិហេត ដែលជាអ្នកបម្រើរបស់ព្រះករុណាក៏ស្លាប់ដែរ»។
22. អ្នកនាំសារចេញទៅ រាយការណ៍ថ្វាយព្រះបាទដាវីឌ នូវសេចក្ដីទាំងប៉ុន្មាន ដែលលោកយ៉ូអាប់បានបង្គាប់។
23. អ្នកនាំសារនោះបានរៀបរាប់ទូលព្រះបាទដាវីឌថា៖ «ពួកខ្មាំងមានប្រៀបជាងយើងខ្ញុំ គេចេញមកវាយយើងខ្ញុំនៅតាមវាល។ យើងខ្ញុំបានវាយបកទៅវិញ និងរុញពួកគេរហូតដល់ខ្លោងទ្វារក្រុង។
24. ប៉ុន្តែ ពេលនោះ ពួកខ្មាំងបានបាញ់ព្រួញពីលើកំពែងតម្រង់មករកយើងខ្ញុំ ធ្វើឲ្យពលទាហានខ្លះស្លាប់ រីឯលោកអ៊ូរី ជាជនជាតិហេត និងជាអ្នកបម្រើរបស់ព្រះករុណា ក៏ស្លាប់ដែរ»។
25. ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អ្នកនាំសារនោះថា៖ «ចូរលើកទឹកចិត្តលោកយ៉ូអាប់ថា កុំឲ្យពិបាកចិត្ត ព្រោះតែរឿងនេះឡើយ ដ្បិតក្នុងសង្គ្រាមតែងតែមានការស្លាប់ទាំងសងខាងដូច្នេះ។ ចូរខំប្រឹងច្បាំងឲ្យកាន់តែខ្លាំងក្លាឡើង ហើយបំផ្លាញក្រុងនោះឲ្យបាន»។
26. ពេលនាងបាតសេបាដឹងថាប្ដីស្លាប់ នាងក៏កាន់ទុក្ខ។
27. លុះចប់ពេលកាន់ទុក្ខហើយ ព្រះបាទដាវីឌចាត់គេឲ្យទៅហៅនាងចូលមកក្នុងដំណាក់ នាងធ្វើជាមហេសីរបស់ស្ដេច ហើយសម្រាលបានបុត្រមួយថ្វាយស្ដេច។ អំពើដែលព្រះបាទដាវីឌប្រព្រឹត្តនេះមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ឡើយ។