10. មានគេទូលព្រះបាទដាវីឌថា លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ។ ពេលនោះ ស្ដេចសួរលោកអ៊ូរីថា៖ «អ្នកទើបនឹងធ្វើដំណើរយ៉ាងឆ្ងាយ ហេតុអ្វីបានជាអ្នកមិនវិលទៅផ្ទះរបស់អ្នក?»។
11. លោកអ៊ូរីទូលស្ដេចថា៖ «បពិត្រព្រះករុណា ហិបរបស់ព្រះអម្ចាស់ស្ថិតនៅក្នុងព្រះពន្លា ហើយកងទ័ពអ៊ីស្រាអែល និងយូដា ស្នាក់នៅក្នុងជំរំ រីឯលោកយ៉ូអាប់ ជាចៅហ្វាយរបស់ទូលបង្គំ និងនាយទាហាន ក៏សម្រាកនៅតាមវាលដែរ។ តើពេលនេះ ឲ្យទូលបង្គំទៅផ្ទះ ទទួលទានអាហារឆ្ងាញ់ និងដេកឱបប្រពន្ធម្ដេចកើត? ទូលបង្គំសូមស្បថថា ដរាបណាព្រះករុណាមានព្រះជន្មគង់នៅ ទូលបង្គំមិនប្រព្រឹត្តដូច្នេះឡើយ!»។
12. ស្ដេចតបវិញថា៖ «ថ្ងៃនេះ ចូរអ្នកនៅទីនេះសិនចុះ ចាំស្អែក យើងឲ្យអ្នកត្រឡប់ទៅវិញ»។ លោកអ៊ូរីស្នាក់នៅក្រុងយេរូសាឡឹមរហូតដល់ស្អែក។
13. ព្រះបាទដាវីឌអញ្ជើញលោកមកជប់លៀងរួមតុ ព្រមទាំងបង្អកស្រាលោកឲ្យស្រវឹងថែមទៀតផង។ លុះដល់ល្ងាច លោកអ៊ូរីទៅទទួលទានដំណេកជាមួយនាយទាហានរបស់ស្ដេចដដែល គឺលោកពុំបានវិលត្រឡប់ទៅផ្ទះរបស់លោកទេ។
14. ព្រលឹមឡើង ព្រះបាទដាវីឌសរសេរសំបុត្រមួយផ្ញើទៅលោកយ៉ូអាប់ តាមរយៈលោកអ៊ូរី។
15. ក្នុងសំបុត្រនោះស្ដេចសរសេរថា៖ «ចូរដាក់អ៊ូរីឲ្យនៅសមរភូមិមុខ ត្រង់ចំណុចដែលក្ដៅបំផុត រួចដកទ័ពថយមកវិញ ទុកឲ្យគាត់នៅតែម្នាក់ឯង ដើម្បីឲ្យបច្ចាមិត្តប្រហារជីវិតគាត់»។
16. លោកយ៉ូអាប់សង្កេតមើលទីក្រុងដែលលោកឡោមព័ទ្ធ ហើយដាក់លោកអ៊ូរីនៅកន្លែងដែលលោកដឹងថា មានសត្រូវខ្លាំងពូកែ។
17. កងទ័ពសត្រូវចេញមកច្បាំងតទល់នឹងកងទ័ពរបស់លោកយ៉ូអាប់។ ពួកគេសម្លាប់ពលទាហានខ្លះ ក្នុងជួរទ័ពរបស់ព្រះបាទដាវីឌ រីឯលោកអ៊ូរី ជាជនជាតិហេត ក៏ស្លាប់ដែរ។
18. លោកយ៉ូអាប់បានចាត់គេឲ្យទៅរាយការណ៍ថ្វាយព្រះបាទដាវីឌ យ៉ាងសព្វគ្រប់អំពីសភាពការណ៍ចំបាំង