1. មួយឆ្នាំក្រោយមក គឺនៅរដូវដែលស្ដេចនានាមានទម្លាប់ចេញទៅធ្វើសឹក ព្រះបាទដាវីឌចាត់លោកយ៉ូអាប់ ព្រមទាំងនាយទាហាន និងកងទ័ពអ៊ីស្រាអែលទាំងមូល ឲ្យចេញទៅច្បាំងនឹងជនជាតិអាំម៉ូន។ ពួកគេបានកម្ទេចស្រុកនោះ ហើយឡោមព័ទ្ធក្រុងរ៉ាបាត។ រីឯព្រះបាទដាវីឌគង់នៅក្រុងយេរូសាឡឹម។
2. មានថ្ងៃមួយ នៅពេលរសៀល ព្រះបាទដាវីឌតើនពីផ្ទំ ហើយស្ដេចយាងកំសាន្តតាមថែវ ដែលនៅជាន់ខាងលើព្រះដំណាក់។ ស្ដេចទតឃើញស្ត្រីម្នាក់កំពុងមុជទឹក ស្ត្រីនោះមានរូបឆោមល្អណាស់។
3. ស្ដេចក៏ស៊ើបសួរពីស្ត្រីនោះ គេទូលថា «នាងឈ្មោះបាតសេបា ជាកូនរបស់លោកអេលាម និងជាប្រពន្ធរបស់លោកអ៊ូរី ជាជនជាតិហេត»។
4. ព្រះបាទដាវីឌចាត់គេឲ្យទៅនាំនាងមក នាងមកឯដំណាក់ស្ដេច ហើយស្ដេចក៏រួមដំណេកជាមួយនាង រួចនាងវិលត្រឡប់ទៅផ្ទះវិញ។ ពេលនោះ នាងទើបនឹងមានរដូវ ហើយធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ។
5. នាងបាតសេបាក៏មានផ្ទៃពោះ នាងចាត់គេឲ្យទៅទូលព្រះបាទដាវីឌថា៖ «ខ្ញុំម្ចាស់មានគភ៌ហើយ»។
6. ពេលនោះ ព្រះបាទដាវីឌចាត់គេឲ្យទៅប្រាប់លោកយ៉ូអាប់ថា៖ «ចូរបញ្ជូនអ៊ូរី ជាជនជាតិហេត មកជួបយើង»។ លោកយ៉ូអាប់ក៏បញ្ជូនលោកអ៊ូរីមក។
7. លុះលោកអ៊ូរីមកដល់ ព្រះបាទដាវីឌសាកសួរដំណឹងពីលោកយ៉ូអាប់ និងកងទ័ព ព្រមទាំងសភាពការណ៍សឹក។
8. បន្ទាប់មក ស្ដេចមានរាជឱង្ការថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះ ហើយទៅរួមសុខទុក្ខជាមួយគ្រួសារចុះ»។ លោកអ៊ូរីចាកចេញពីដំណាក់ ហើយស្ដេចក៏ឲ្យគេយកអំណោយទៅជូនលោកតាមក្រោយ។
9. ប៉ុន្តែ លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ គឺលោកទទួលទានដំណេកជាមួយពួកនាយទាហាន នៅខ្លោងទ្វារដំណាក់ស្ដេច។
10. មានគេទូលព្រះបាទដាវីឌថា លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ។ ពេលនោះ ស្ដេចសួរលោកអ៊ូរីថា៖ «អ្នកទើបនឹងធ្វើដំណើរយ៉ាងឆ្ងាយ ហេតុអ្វីបានជាអ្នកមិនវិលទៅផ្ទះរបស់អ្នក?»។