15. ជនជាតិស៊ីរីឃើញថាពួកគេចាញ់អ៊ីស្រាអែល គេក៏ប្រមូលផ្ដុំកងទ័ព។
16. ព្រះបាទហាដារេស៊ើរចាត់គេឲ្យទៅប្រមូលកងទ័ពស៊ីរី ដែលនៅឯនាយទន្លេអឺប្រាតមកជួយ។ កងទ័ពស៊ីរីបានមកដល់ហេឡាម ដោយមានលោកសូបាក់ដែលជាមេបញ្ជាការកងទ័ពរបស់ព្រះបាទហាដារេស៊ើរ ជាអ្នកដឹកនាំ។
17. មានគេនាំដំណឹងនេះទៅទូលព្រះបាទដាវីឌ ទ្រង់ក៏ប្រមូលកងទ័ពអ៊ីស្រាអែលទាំងមូល ឆ្លងទន្លេយ័រដាន់ មកដល់ហេឡាម។ ពួកស៊ីរីរៀបទ័ពប្រឈមមុខនឹងព្រះបាទដាវីឌ ហើយវាយសម្រុក។
18. ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រាអែល។ ព្រះបាទដាវីឌសម្លាប់ទាហានដែលបររទេះចំបាំង អស់ប្រាំពីររយនាក់ និងពលទ័ពសេះអស់បួនម៉ឺននាក់ ស្ដេចក៏បានប្រហារលោកសូបាក់ ជាមេបញ្ជាការ ឲ្យស្លាប់នៅទីនោះដែរ។
19. កាលស្ដេចទាំងប៉ុន្មានដែលចំណុះព្រះបាទហាដារេស៊ើរ ឃើញពួកគេចាញ់កងទ័ពអ៊ីស្រាអែលដូច្នេះ ក៏នាំគ្នាមកសុំចុះសន្ធិសញ្ញាសន្តិភាពជាមួយព្រះបាទដាវីឌ ហើយចុះចូលនឹងស្ដេច។ ចាប់ពីពេលនោះមក ជនជាតិស៊ីរីមិនហ៊ានមកជួយជនជាតិអាំម៉ូនទៀតឡើយ។