11. លោកមានប្រសាសន៍ទៅកាន់ប្អូនរបស់លោកថា៖ «បើពួកស៊ីរីខ្លាំងជាងបង ប្អូនត្រូវមកជួយបងផង។ ផ្ទុយទៅវិញ បើពួកអាំម៉ូនខ្លាំងជាងប្អូន បងនឹងទៅជួយប្អូនវិញ។
12. ចូរមានកម្លាំង និងចិត្តក្លាហានប្រយុទ្ធ ដើម្បីប្រជាជនរបស់យើង និងក្រុងនានារបស់ព្រះនៃយើង។ សូមព្រះអម្ចាស់ សម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។
13. លោកយ៉ូអាប់ ព្រមទាំងកងទ័ព បានចេញទៅប្រយុទ្ធតទល់នឹងកងទ័ពស៊ីរី។ ពួកស៊ីរីបាក់ទ័ពរត់នៅចំពោះមុខលោក។
14. កាលឃើញពួកស៊ីរីបាក់ទ័ពរត់ ពួកអាំម៉ូនក៏បាក់ទ័ពរត់នៅចំពោះមុខលោកអប៊ីសាយ វិលចូលទៅក្នុងក្រុងរបស់គេវិញដែរ។ លោកយ៉ូអាប់ក៏វិលពីច្បាំងតទល់នឹងកងទ័ពអាំម៉ូន ត្រឡប់មកក្រុងយេរូសាឡឹមវិញ។
15. ជនជាតិស៊ីរីឃើញថាពួកគេចាញ់អ៊ីស្រាអែល គេក៏ប្រមូលផ្ដុំកងទ័ព។
16. ព្រះបាទហាដារេស៊ើរចាត់គេឲ្យទៅប្រមូលកងទ័ពស៊ីរី ដែលនៅឯនាយទន្លេអឺប្រាតមកជួយ។ កងទ័ពស៊ីរីបានមកដល់ហេឡាម ដោយមានលោកសូបាក់ដែលជាមេបញ្ជាការកងទ័ពរបស់ព្រះបាទហាដារេស៊ើរ ជាអ្នកដឹកនាំ។
17. មានគេនាំដំណឹងនេះទៅទូលព្រះបាទដាវីឌ ទ្រង់ក៏ប្រមូលកងទ័ពអ៊ីស្រាអែលទាំងមូល ឆ្លងទន្លេយ័រដាន់ មកដល់ហេឡាម។ ពួកស៊ីរីរៀបទ័ពប្រឈមមុខនឹងព្រះបាទដាវីឌ ហើយវាយសម្រុក។
18. ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រាអែល។ ព្រះបាទដាវីឌសម្លាប់ទាហានដែលបររទេះចំបាំង អស់ប្រាំពីររយនាក់ និងពលទ័ពសេះអស់បួនម៉ឺននាក់ ស្ដេចក៏បានប្រហារលោកសូបាក់ ជាមេបញ្ជាការ ឲ្យស្លាប់នៅទីនោះដែរ។
19. កាលស្ដេចទាំងប៉ុន្មានដែលចំណុះព្រះបាទហាដារេស៊ើរ ឃើញពួកគេចាញ់កងទ័ពអ៊ីស្រាអែលដូច្នេះ ក៏នាំគ្នាមកសុំចុះសន្ធិសញ្ញាសន្តិភាពជាមួយព្រះបាទដាវីឌ ហើយចុះចូលនឹងស្ដេច។ ចាប់ពីពេលនោះមក ជនជាតិស៊ីរីមិនហ៊ានមកជួយជនជាតិអាំម៉ូនទៀតឡើយ។