1. ក្រោយមក ស្ដេចរបស់ជនជាតិអាំម៉ូនសោយទិវង្គត ហើយបុត្រាព្រះនាមហានូន ឡើងសោយរាជ្យជំនួស។
2. ព្រះបាទដាវីឌទ្រង់ព្រះតម្រិះថា៖ «យើងចង់សម្តែងចិត្តសប្បុរសចំពោះស្ដេចហានូន ជាបុត្ររបស់ព្រះបាទណាហាស ដូចបិតារបស់ស្ដេចបានសម្តែងចំពោះយើងដែរ»។ ព្រះបាទដាវីឌក៏ចាត់មន្ត្រីឲ្យទៅចូលរួមរំលែកទុក្ខព្រះបាទហានូន ក្នុងឱកាសដែលបិតាសោយទិវង្គត។ ពេលពួកមន្ត្រីរបស់ព្រះបាទដាវីឌទៅដល់ស្រុកអាំម៉ូន
3. មេដឹកនាំនៃជនជាតិអាំម៉ូន ទូលព្រះបាទហានូន ជាម្ចាស់របស់ខ្លួនថា៖ «តើព្រះករុណាជឿថា ស្ដេចដាវីឌចាត់ពួកមន្ត្រីឲ្យមកចូលរួមរំលែកទុក្ខ ដើម្បីថ្វាយកិត្តិយសដល់បិតារបស់ព្រះករុណាមែនឬ? តាមពិត ពួកគេមកនេះ ដើម្បីសង្កេតការណ៍ទីក្រុង ក្នុងគោលបំណងវាយដណ្ដើមយក»។
4. ពេលនោះ ព្រះបាទហានូនចាប់ពួកមន្ត្រីរបស់ព្រះបាទដាវីឌ ហើយឲ្យគេកោរពុកចង្កាមួយចំហៀង ព្រមទាំងកាត់សម្លៀកបំពាក់ឲ្យខ្លីត្រឹមគូថ រួចបណ្ដេញឲ្យទៅវិញ។
5. មានគេនាំដំណឹងនេះទៅទូលព្រះបាទដាវីឌ ទ្រង់ក៏ចាត់អ្នកនាំពាក្យមកជួបពួកមន្ត្រី ដែលត្រូវអាម៉ាស់មុខយ៉ាងខ្លាំងនោះ។ ស្ដេចត្រាស់បង្គាប់ដល់ពួកគេថា៖ «ចូរស្នាក់នៅក្រុងយេរីខូសិនចុះ ចាំដល់ពុកចង្ការបស់អស់លោកដុះឡើងវិញ សឹមត្រឡប់មក»។
6. កាលជនជាតិអាំម៉ូនឃើញថា ពួកគេបានធ្វើឲ្យព្រះបាទដាវីឌក្រេវក្រោធដូច្នេះ ពួកគេក៏ទៅជួលពលទាហានស៊ីរីចំនួនពីរម៉ឺននាក់ពីក្រុងបេតរេហូប និងស្រុកសូបា មួយពាន់នាក់ទៀតពីកងទ័ពរបស់ស្ដេចស្រុកម៉ាកា ព្រមទាំងមួយម៉ឺនពីរពាន់នាក់ទៀតពីស្រុកថូប។
7. ព្រះបាទដាវីឌជ្រាបដំណឹងនេះ ទ្រង់ក៏ចាត់លោកយ៉ូអាប់ និងកងទ័ពទាំងមូល ដែលមានសុទ្ធតែទាហានដ៏ខ្លាំងពូកែ ឲ្យចេញទៅតទល់ជាមួយពួកគេ។
8. ទ័ពអាំម៉ូនបានចេញមកត្រៀមនៅមាត់ទ្វារក្រុង រីឯទ័ពស៊ីរីមកពីស្រុកសូបា និងក្រុងបេតរេហូប ព្រមទាំងទ័ពស្រុកថូប និងស្រុកម៉ាកា ចេញមកត្រៀមនៅតាមទីវាល។
9. លោកយ៉ូអាប់ឃើញថា លោកត្រូវប្រឈមមុខច្បាំងតទល់នឹងគេដល់ទៅពីរមុខព្រួញ គឺមួយនៅចំពីមុខ ហើយមួយទៀតនៅពីក្រោយ ដូច្នេះ លោកជ្រើសរើសទាហានដ៏ចំណានៗពីកងទ័ពអ៊ីស្រាអែល រៀបជាក្បួនទ័ពចេញទៅតទល់នឹងពួកស៊ីរី។
10. រីឯកងទ័ពដែលនៅសល់ លោកប្រគល់ឲ្យលោកអប៊ីសាយជាប្អូន ចេញទៅតទល់នឹងជនជាតិអាំម៉ូន។
11. លោកមានប្រសាសន៍ទៅកាន់ប្អូនរបស់លោកថា៖ «បើពួកស៊ីរីខ្លាំងជាងបង ប្អូនត្រូវមកជួយបងផង។ ផ្ទុយទៅវិញ បើពួកអាំម៉ូនខ្លាំងជាងប្អូន បងនឹងទៅជួយប្អូនវិញ។