6. យុវបុរសរៀបរាប់ថា៖ «ពេលកើតហេតុការណ៍នោះ ខ្ញុំបាទក៏ស្ថិតនៅលើភ្នំគីលបោដែរ។ ខ្ញុំបាទបានឃើញព្រះបាទសូលច្រត់នៅលើលំពែងរបស់ស្ដេច ហើយមានរទេះចំបាំង និងទ័ពសេះរបស់សត្រូវដេញតាមយ៉ាងប្រកិត។
7. ព្រះរាជាងាកមកទតឃើញខ្ញុំបាទ ហើយត្រាស់ហៅខ្ញុំបាទ។ ខ្ញុំបាទឆ្លើយថា “ព្រះករុណាថ្លៃវិសេស!”។
8. ព្រះរាជាមានរាជឱង្ការសួរខ្ញុំថា “អ្នកជានរណា?” ខ្ញុំបាទទូលថា “ទូលបង្គំជាជនជាតិអាម៉ាឡេក”។
9. ពេលនោះ ព្រះរាជាបង្គាប់មកខ្ញុំបាទថា “ចូរមកជិតយើង សម្លាប់យើងទៅ! ទោះបីយើងនៅដឹងខ្លួនក្ដី ក៏យើងកាន់តែល្វើយទៅៗ”។
10. ខ្ញុំបាទចូលទៅជិត ហើយធ្វើគុតព្រះរាជាទៅ ដ្បិតខ្ញុំបាទដឹងច្បាស់ថា ដោយស្ដេចបរាជ័យដូច្នេះ ទ្រង់មិនអាចរស់តទៅទៀតបានឡើយ។ ខ្ញុំបាទដោះយកមកុដ និងខ្សែដៃរបស់ស្ដេច ដែលខ្ញុំបាទសូមយកមកជូនលោកម្ចាស់នៅទីនេះ»។
11. លោកដាវីឌទាញសម្លៀកបំពាក់របស់លោកមកហែក ហើយអស់អ្នកដែលនៅជាមួយលោកក៏ធ្វើដូចលោកដែរ។
12. ពួកគេកាន់ទុក្ខ យំសោក និងតមអាហាររហូតដល់ល្ងាច ដើម្បីរំឭកដល់ព្រះបាទសូល សម្ដេចយ៉ូណាថានជាបុត្រ ព្រមទាំងកងទ័ពរបស់ព្រះអម្ចាស់ និងពូជពង្សអ៊ីស្រាអែល ដែលបានបាត់បង់ជីវិតនៅលើសមរភូមិ។
13. បន្ទាប់មក លោកដាវីឌមានប្រសាសន៍ទៅកាន់យុវបុរសដែលនាំដំណឹងមកជម្រាបលោកនោះថា៖ «អ្នកជានរណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទជាកូនរបស់ជនជាតិអាម៉ាឡេកម្នាក់ ដែលរស់នៅក្នុងស្រុកនេះ»។
14. លោកដាវីឌមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកហ៊ានលើកដៃធ្វើគុតស្ដេច ដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេក?»។
15. លោកដាវីឌហៅក្មេងបម្រើម្នាក់របស់លោកមក រួចបញ្ជាថា៖ «ចូរមកជិត ហើយសម្លាប់អ្នកនេះចោលទៅ!»។ អ្នកបម្រើនោះក៏សម្លាប់ជនជាតិអាម៉ាឡេក។
16. លោកដាវីឌពោលថា៖ «អ្នកស្លាប់ ព្រោះតែកំហុសរបស់អ្នកទេ ពាក្យសម្ដីរបស់អ្នកបាននាំទោសមកលើខ្លួនឯង ព្រោះអ្នកពោលថា អ្នកបានធ្វើគុតស្ដេចដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក»។
17. លោកដាវីឌបានលើកទំនុកមួយបទ ដើម្បីរំឭកដល់ព្រះបាទសូល និងសម្ដេចយ៉ូណាថានជាបុត្រ។
18. លោកបានបញ្ជាឲ្យគេបង្រៀនទំនុកនេះដល់អ្នកស្រុកយូដា គឺ«ទំនុកធ្នូ» ដែលមានកត់ត្រាទុកក្នុងក្រាំង «ជនសុចរិត»។