1. កាលព្រះបាទសូលសោយទិវង្គតផុតទៅ លោកដាវីឌដែលបានវាយឈ្នះជនជាតិអាម៉ាឡេក ក៏វិលត្រឡប់មកក្រុងស៊ីគឡាក់វិញ ហើយស្នាក់នៅក្រុងនោះពីរថ្ងៃ។
2. នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ព្រះបាទសូល គាត់ស្លៀកសម្លៀកបំពាក់រហែក ហើយរោយដីលើក្បាល។ កាលបានជួបលោកដាវីឌហើយ គាត់ក្រាបថ្វាយបង្គំ។
3. លោកដាវីឌសួរថា៖ «អ្នកមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទរត់ចេញពីជំរំអ៊ីស្រាអែល»។
4. លោកដាវីឌសួរទៀតថា៖ «តើមានរឿងអ្វីកើតឡើង? ចូររៀបរាប់ប្រាប់ខ្ញុំមកមើល៍!»។ បុរសនោះឆ្លើយថា៖ «ទាហានអ៊ីស្រាអែលបាក់ទ័ពរត់ខ្ចាត់ខ្ចាយ ហើយមានទាហានជាច្រើនត្រូវគេសម្លាប់ សូម្បីតែព្រះបាទសូល និងសម្ដេចយ៉ូណាថានជាបុត្រ ក៏សោយទិវង្គតដែរ»។
5. លោកដាវីឌសួរយុវបុរសដែលនាំដំណឹងមកនោះថា៖ «ម្ដេចក៏អ្នកដឹងថាព្រះបាទសូល និងសម្ដេចយ៉ូណាថានសុគត?»។
6. យុវបុរសរៀបរាប់ថា៖ «ពេលកើតហេតុការណ៍នោះ ខ្ញុំបាទក៏ស្ថិតនៅលើភ្នំគីលបោដែរ។ ខ្ញុំបាទបានឃើញព្រះបាទសូលច្រត់នៅលើលំពែងរបស់ស្ដេច ហើយមានរទេះចំបាំង និងទ័ពសេះរបស់សត្រូវដេញតាមយ៉ាងប្រកិត។
7. ព្រះរាជាងាកមកទតឃើញខ្ញុំបាទ ហើយត្រាស់ហៅខ្ញុំបាទ។ ខ្ញុំបាទឆ្លើយថា “ព្រះករុណាថ្លៃវិសេស!”។
8. ព្រះរាជាមានរាជឱង្ការសួរខ្ញុំថា “អ្នកជានរណា?” ខ្ញុំបាទទូលថា “ទូលបង្គំជាជនជាតិអាម៉ាឡេក”។