1. កាលព្រះបាទសូលសោយទិវង្គតផុតទៅ លោកដាវីឌដែលបានវាយឈ្នះជនជាតិអាម៉ាឡេក ក៏វិលត្រឡប់មកក្រុងស៊ីគឡាក់វិញ ហើយស្នាក់នៅក្រុងនោះពីរថ្ងៃ។
2. នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ព្រះបាទសូល គាត់ស្លៀកសម្លៀកបំពាក់រហែក ហើយរោយដីលើក្បាល។ កាលបានជួបលោកដាវីឌហើយ គាត់ក្រាបថ្វាយបង្គំ។
3. លោកដាវីឌសួរថា៖ «អ្នកមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទរត់ចេញពីជំរំអ៊ីស្រាអែល»។
4. លោកដាវីឌសួរទៀតថា៖ «តើមានរឿងអ្វីកើតឡើង? ចូររៀបរាប់ប្រាប់ខ្ញុំមកមើល៍!»។ បុរសនោះឆ្លើយថា៖ «ទាហានអ៊ីស្រាអែលបាក់ទ័ពរត់ខ្ចាត់ខ្ចាយ ហើយមានទាហានជាច្រើនត្រូវគេសម្លាប់ សូម្បីតែព្រះបាទសូល និងសម្ដេចយ៉ូណាថានជាបុត្រ ក៏សោយទិវង្គតដែរ»។