22. ព្រះបាទសាឡូម៉ូនមានទ្រព្យសម្បត្តិ និងប្រាជ្ញា លើសពីស្ដេចទាំងប៉ុន្មាននៅលើផែនដី។
23. ស្ដេចទាំងឡាយតែងតែចង់ចូលគាល់ព្រះបាទសាឡូម៉ូន ដើម្បីស្ដាប់រាជឱង្ការប្រកបដោយប្រាជ្ញា ដែលព្រះជាម្ចាស់ប្រទានមកស្ដេច។
24. រៀងរាល់ឆ្នាំ ស្ដេចទាំងនោះតែងតែនាំយកតង្វាយមកថ្វាយព្រះបាទសាឡូម៉ូន គឺមានវត្ថុធ្វើពីមាស ធ្វើពីប្រាក់ សម្លៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលា។
25. ព្រះបាទសាឡូម៉ូនមានសេះ ៤ ០០០ ក្បាល សម្រាប់ទឹមរទេះចំបាំង ហើយសេះ១២ ០០០ ក្បាលទៀត សម្រាប់ពលទ័ពសេះ ទ្រង់ទុកមួយចំនួនឲ្យនៅជាមួយក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀតឲ្យទៅនៅតាមក្រុងនានា ដែលទ្រង់បម្រុងទុកសម្រាប់ទ័ពទាំងនោះ។
26. ព្រះបាទសាឡូម៉ូនត្រួតត្រាលើស្ដេចទាំងអស់ ចាប់ពីទន្លេអឺប្រាត រហូតដល់ស្រុកភីលីស្ទីន និងព្រំប្រទល់ស្រុកអេស៊ីប។
27. ព្រះរាជាបានធ្វើឲ្យក្រុងយេរូសាឡឹមមានប្រាក់សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ដូចដើមរាំង ដុះនៅតាមវាលទំនាប។
28. គេតែងតែនាំសេះពីស្រុកអេស៊ីប និងស្រុកដទៃទៀត មកថ្វាយព្រះបាទសាឡូម៉ូន។
29. រាជកិច្ចផ្សេងទៀតរបស់ព្រះបាទសាឡូម៉ូន គឺតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅ «កិច្ចការរបស់ព្យាការីណាថាន» ក្នុងសៀវភៅ «ទំនាយរបស់ព្យាការីអហ៊ីយ៉ា» ជាអ្នកភូមិស៊ីឡូ និងក្នុងសៀវភៅ «និមិត្តហេតុដ៏អស្ចារ្យរបស់លោកអ៊ីដោ ជាគ្រូទាយ» ស្ដីអំពីព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត និងជាស្ដេចស្រុកអ៊ីស្រាអែល។
30. ព្រះបាទសាឡូម៉ូនសោយរាជ្យលើប្រជាជនអ៊ីស្រាអែលទាំងមូល នៅក្រុងយេរូសាឡឹម អស់រយៈពេលសែសិបឆ្នាំ។
31. កាលព្រះបាទសាឡូម៉ូនសោយទិវង្គត គេយកសពទៅបញ្ចុះនៅបុរីព្រះបាទដាវីឌ ជាបិតា។ ព្រះបាទរេហូបោម ជាបុត្រ បានឡើងស្នងរាជ្យ។