២ របាក្សត្រ 9:19-30 Khmer Standard Version (KHSV)

19. មាន​រូប​ចម្លាក់​សិង្ហ​ដប់‌ពីរ​ទៀត ឈរ​អម​សង​ខាង​ជណ្ដើរ​ទាំង​ប្រាំ​មួយ​ថ្នាក់​នោះ​ដែរ។ គេ​ពុំ​ដែល​ឃើញ​នគរ​ណា​មាន​បល្ល័ង្ក​បែប​នេះ​ឡើយ។

20. រីឯ​ពែង​ទាំង​ប៉ុន្មាន​របស់​ស្ដេច​សុទ្ធ​តែ​ធ្វើ​ពី​មាស ហើយ​ចាន​ដែល​ប្រើ‌ប្រាស់​ក្នុង​ដំណាក់ “ព្រៃ​ស្រុក​លីបង់” ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ គេ​ពុំ​ធ្វើ​គ្រឿង​ប្រដាប់​អ្វី​ពី​ប្រាក់​ទេ ដ្បិត​ក្នុង​រជ្ជ‌កាល​របស់​ព្រះ‌បាទ​សាឡូម៉ូន ប្រាក់​គ្មាន​តម្លៃ​ឡើយ។

21. ព្រះ‌បាទ​សាឡូម៉ូន​មាន​សំពៅ​សម្រាប់​ធ្វើ​ជំនួញ​ទៅ​ស្រុក​តើរ‌ស៊ីស ដោយ​មាន​រាជ​បម្រើ​របស់​ព្រះ‌បាទ​ហ៊ីរ៉ាម ជា​អ្នក​បើក​បរ។ បី​ឆ្នាំ​ម្ដង សំពៅ​ទាំង​នោះ​វិល​ត្រឡប់​មក​ពី​ស្រុក​តើរ‌ស៊ីស​វិញ ដោយ​នាំ​យក​មាស ប្រាក់ ភ្លុក ស្វា និង​ក្ងោក​មក​ផង។

22. ព្រះ‌បាទ​សាឡូម៉ូន​មាន​ទ្រព្យ​សម្បត្តិ និង​ប្រាជ្ញា លើស​ពី​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី។

23. ស្ដេច​ទាំង‌ឡាយ​តែងតែ​ចង់​ចូល​គាល់​ព្រះ‌បាទ​សាឡូម៉ូន ដើម្បី​ស្ដាប់​រាជ‌ឱង្ការ​ប្រកប​ដោយ​ប្រាជ្ញា ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​ស្ដេច។

24. រៀង​រាល់​ឆ្នាំ ស្ដេច​ទាំង​នោះ​តែងតែ​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន គឺ​មាន​វត្ថុ​ធ្វើ​ពី​មាស ធ្វើ​ពី​ប្រាក់ សម្លៀក‌បំពាក់ គ្រឿង​សស្ត្រា‌វុធ គ្រឿង​ក្រអូប សេះ និង​លា។

25. ព្រះ‌បាទ​សាឡូម៉ូន​មាន​សេះ ៤ ០០០ ក្បាល សម្រាប់​ទឹម​រទេះ​ចំបាំង ហើយ​សេះ​១២ ០០០ ក្បាល​ទៀត សម្រាប់​ពល​ទ័ព​សេះ ទ្រង់​ទុក​មួយ​ចំនួន​ឲ្យ​នៅ​ជា​មួយ​ក្នុង​ក្រុង​យេរូ‌សាឡឹម និង​មួយ​ចំនួន​ទៀត​ឲ្យ​ទៅ​នៅ​តាម​ក្រុង​នានា ដែល​ទ្រង់​បម្រុង​ទុក​សម្រាប់​ទ័ព​ទាំង​នោះ។

26. ព្រះ‌បាទ​សាឡូម៉ូន​ត្រួត‌ត្រា​លើ​ស្ដេច​ទាំង​អស់ ចាប់​ពី​ទន្លេ​អឺប្រាត រហូត​ដល់​ស្រុក​ភីលីស្ទីន និង​ព្រំ‌ប្រទល់​ស្រុក​អេស៊ីប។

27. ព្រះ‌រាជា​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​មាន​ប្រាក់​សម្បូណ៌​ដូច​ដុំ​ថ្ម និង​មាន​ឈើ​តាត្រៅ​សម្បូណ៌​ដូច​ដើម​រាំង ដុះ​នៅ​តាម​វាល​ទំនាប។

28. គេ​តែងតែ​នាំ​សេះ​ពី​ស្រុក​អេស៊ីប និង​ស្រុក​ដទៃ​ទៀត មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។

29. រាជ‌កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​សាឡូម៉ូន គឺ​តាំង​ពី​ដើម​រហូត​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ «កិច្ចការ​របស់​ព្យាការី​ណាថាន» ក្នុង​សៀវភៅ «ទំនាយ​របស់​ព្យាការី​អហ៊ី‌យ៉ា» ជា​អ្នក​ភូមិ​ស៊ីឡូ និង​ក្នុង​សៀវភៅ «និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​របស់​លោក​អ៊ីដោ ជា​គ្រូ​ទាយ» ស្ដី​អំពី​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត និង​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

30. ព្រះ‌បាទ​សាឡូម៉ូន​សោយ​រាជ្យ​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។

២ របាក្សត្រ 9