11. ព្រះបាទសាឡូម៉ូនយកឈើខ្លឹមចន្ទន៍នេះ មកធ្វើក្ដារក្រាលច្រកចូលព្រះដំណាក់របស់ព្រះអម្ចាស់ និងវាំងស្ដេច ព្រមទាំងពិណ និងឃឹម សម្រាប់ក្រុមចម្រៀង។ តាំងពីដើមរៀងមក គេពុំដែលឃើញមានឈើខ្លឹមចន្ទន៍បែបនេះ នៅស្រុកយូដាឡើយ។
12. រីឯព្រះបាទសាឡូម៉ូនវិញ អ្វីៗដែលព្រះមហាក្សត្រិយានីស្រុកសេបាចង់បាន និងទូលសូម ស្ដេចប្រគល់ឲ្យទាំងអស់។ ព្រះបាទសាឡូម៉ូនថ្វាយរបស់ទៅព្រះនាង លើសពីអ្វីៗដែលព្រះនាងបានយកមកថ្វាយស្ដេចទៅទៀត។ បន្ទាប់មក ព្រះមហាក្សត្រិយានី និងរាជបម្រើវិលត្រឡប់ទៅស្រុកសេបាវិញ។
13. ក្នុងមួយឆ្នាំៗ ព្រះបាទសាឡូម៉ូនទទួលមាសទម្ងន់ម្ភៃបីតោន។
14. លើសពីនោះ មានមាសដែលបានមកពីពន្ធដារនៃទំនិញនាំចូល មាសដែលបានមកពីអ្នកជំនួញ ព្រមទាំងមាសប្រាក់ដែលស្ដេចទាំងប៉ុន្មាននៅស្រុកអារ៉ាប់ និងពួកទេសាភិបាល នាំយកមកថ្វាយព្រះបាទសាឡូម៉ូន។
15. ព្រះបាទសាឡូម៉ូនឲ្យគេធ្វើខែលធំៗពីមាសចំនួនពីររយ ខែលនីមួយៗមានទម្ងន់ប្រាំមួយគីឡូក្រាម
16. ខែលតូចៗពីមាសចំនួនបីរយ ខែលនីមួយៗមានទម្ងន់មួយគីឡូក្រាមកន្លះ ហើយព្រះរាជាយកខែលទាំងនោះ ទៅទុកក្នុងដំណាក់ “ព្រៃស្រុកលីបង់”។
17. ព្រះបាទសាឡូម៉ូនធ្វើបល្ល័ង្កមួយយ៉ាងធំពីភ្លុក ស្រោបមាសសុទ្ធ។
18. បល្ល័ង្កនេះស្ថិតនៅលើកំណល់មួយ ដែលមានជណ្ដើរប្រាំមួយថ្នាក់ និងកំណល់ជើងមួយធ្វើពីមាស ព្រមទាំងមានដៃសងខាង ហើយមានរូបចម្លាក់សិង្ហពីរ ឈរនៅជាប់នឹងដៃទាំងសងខាងនោះ។
19. មានរូបចម្លាក់សិង្ហដប់ពីរទៀត ឈរអមសងខាងជណ្ដើរទាំងប្រាំមួយថ្នាក់នោះដែរ។ គេពុំដែលឃើញនគរណាមានបល្ល័ង្កបែបនេះឡើយ។
20. រីឯពែងទាំងប៉ុន្មានរបស់ស្ដេចសុទ្ធតែធ្វើពីមាស ហើយចានដែលប្រើប្រាស់ក្នុងដំណាក់ “ព្រៃស្រុកលីបង់” ក៏ធ្វើពីមាសសុទ្ធទាំងអស់ គេពុំធ្វើគ្រឿងប្រដាប់អ្វីពីប្រាក់ទេ ដ្បិតក្នុងរជ្ជកាលរបស់ព្រះបាទសាឡូម៉ូន ប្រាក់គ្មានតម្លៃឡើយ។
21. ព្រះបាទសាឡូម៉ូនមានសំពៅសម្រាប់ធ្វើជំនួញទៅស្រុកតើរស៊ីស ដោយមានរាជបម្រើរបស់ព្រះបាទហ៊ីរ៉ាម ជាអ្នកបើកបរ។ បីឆ្នាំម្ដង សំពៅទាំងនោះវិលត្រឡប់មកពីស្រុកតើរស៊ីសវិញ ដោយនាំយកមាស ប្រាក់ ភ្លុក ស្វា និងក្ងោកមកផង។
22. ព្រះបាទសាឡូម៉ូនមានទ្រព្យសម្បត្តិ និងប្រាជ្ញា លើសពីស្ដេចទាំងប៉ុន្មាននៅលើផែនដី។
23. ស្ដេចទាំងឡាយតែងតែចង់ចូលគាល់ព្រះបាទសាឡូម៉ូន ដើម្បីស្ដាប់រាជឱង្ការប្រកបដោយប្រាជ្ញា ដែលព្រះជាម្ចាស់ប្រទានមកស្ដេច។