1. ព្រះមហាក្សត្រិយានីស្រុកសេបាបានឮអំពីកិត្តិនាមដ៏ល្បីល្បាញរបស់ព្រះបាទសាឡូម៉ូន។ ដូច្នេះ ព្រះនាងក៏យាងមកក្រុងយេរូសាឡឹម ដើម្បីល្បងប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន ដោយចោទសួរជាប្រស្នាផ្សេងៗ។ ព្រះនាងយាងមកដល់ ដោយមានរាជបម្រើយ៉ាងច្រើនហែហម ព្រមទាំងមានសត្វអូដ្ឋជាច្រើនដឹកគ្រឿងក្រអូប មាស និងត្បូងពេជ្រ យ៉ាងសន្ធឹកសន្ធាប់ផង។ ព្រះនាងចូលគាល់ព្រះបាទសាឡូម៉ូន ហើយចោទសួរអ្វីៗទាំងប៉ុន្មានដែលព្រះនាងបានរិះគិតទុកជាមុន។
2. ព្រះបាទសាឡូម៉ូនឆ្លើយនឹងសំណួរទាំងប៉ុន្មានរបស់ព្រះនាង គ្មានសំណួរណាមួយដែលស្ដេចឆ្លើយពុំរួចនោះឡើយ។
3. ព្រះមហាក្សត្រិយានីស្រុកសេបាសង្កេតឃើញប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន ឃើញវាំងដែលស្ដេចបានសង់
4. ឃើញព្រះស្ងោយរបស់ស្ដេច លំនៅដ្ឋានរបស់នាម៉ឺនមន្ត្រី របៀបរបប និងឯកសណ្ឋានរបស់ពួករាជបម្រើ ពួកមហាតលិក និងឯកសណ្ឋានរបស់ពួកគេ ព្រមទាំងឃើញតង្វាយដុតទាំងមូល ដែលស្ដេចថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះនាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង ហើយមានរាជសវនីយ៍ទៅកាន់ព្រះបាទសាឡូម៉ូនថា៖
5. «ពាក្យទាំងប៉ុន្មានដែលខ្ញុំម្ចាស់បានឮគេនិយាយនៅក្នុងស្រុករបស់ខ្ញុំម្ចាស់ ស្ដីអំពីព្រះករុណា និងអំពីប្រាជ្ញារបស់ព្រះករុណា ពិតជាត្រឹមត្រូវមែន!
6. មុនពេលខ្ញុំម្ចាស់មកដល់ និងមុនពេលខ្ញុំម្ចាស់ឃើញផ្ទាល់នឹងភ្នែក ខ្ញុំម្ចាស់មិនបានជឿពាក្យដែលគេថ្លែងទេ ឥឡូវនេះ ខ្ញុំម្ចាស់យល់ឃើញថាអ្វីៗដែលគេរៀបរាប់ប្រាប់ខ្ញុំម្ចាស់ អំពីប្រាជ្ញាដ៏ឧត្ដុង្គឧត្ដមរបស់ព្រះករុណា ត្រឹមត្រូវតែពាក់កណ្ដាលប៉ុណ្ណោះ។ ព្រះករុណាមានប្រាជ្ញាឈ្លាសវៃ លើសពីសេចក្ដីដែលខ្ញុំម្ចាស់បានឮទៅទៀត។
7. ពួករាជបម្រើ និងពួកនាម៉ឺនមន្ត្រីដែលនៅជុំវិញព្រះករុណា ពិតជាមានសុភមង្គលហើយ ព្រោះពួកគេនៅជាមួយព្រះករុណា ហើយឮរាជឱង្ការពោរពេញដោយប្រាជ្ញារបស់ព្រះករុណា។
8. សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដែលបានប្រោសប្រណីព្រះករុណា ហើយជ្រើសរើសព្រះករុណាឲ្យឡើងគ្រងរាជ្យក្នុងនាមរបស់ព្រះអង្គ។ ព្រះអម្ចាស់ស្រឡាញ់ជនជាតិអ៊ីស្រាអែល ហើយសព្វព្រះហឫទ័យឲ្យពួកគេនៅស្ថិតស្ថេររហូតតទៅ ហេតុនេះហើយបានជាព្រះអង្គជ្រើសរើសព្រះករុណាឲ្យធ្វើជាស្ដេច គ្រប់គ្រងលើពួកគេដោយសុចរិត និងយុត្តិធម៌»។
9. ព្រះមហាក្សត្រិយានីស្រុកសេបាយកមាសមានទម្ងន់បួនពាន់គីឡូក្រាម មកថ្វាយព្រះរាជា រួមជាមួយគ្រឿងក្រអូប និងត្បូងពេជ្រយ៉ាងច្រើនផង។ តាំងពីដើមរៀងមក ពុំដែលមាននរណាយកគ្រឿងក្រអូបបែបនេះមកថ្វាយព្រះបាទសាឡូម៉ូន ដូចព្រះមហាក្សត្រិយានីស្រុកសេបាឡើយ។