5. ស្ដេចបានសង់ក្រុងបេតហូរ៉ូនខាងលើ និងបេតហូរ៉ូនខាងក្រោម ជាក្រុងដែលមានបន្ទាយ និងកំពែងព័ទ្ធជុំវិញ ហើយមានទ្វារ និងរនុកផង។
6. ស្ដេចក៏បានសង់ក្រុងបាឡាត និងក្រុងទាំងប៉ុន្មាន ដែលស្ដេចទុកធ្វើជាឃ្លាំងសម្រាប់ដាក់ស្បៀង ឃ្លាំងសម្រាប់ដាក់រទេះចំបាំង និងសម្រាប់ពលសេះ។ ព្រះបាទសាឡូម៉ូនបានសង់អ្វីៗទាំងអស់ ដែលស្ដេចសព្វព្រះហឫទ័យ នៅក្រុងយេរូសាឡឹម នៅស្រុកលីបង់ និងក្នុងនគរទាំងប៉ុន្មានដែលស្ដេចគ្រប់គ្រង។
7. ជាតិសាសន៍ទាំងអស់ដែលនៅសេសសល់ពីជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស មិនបានរាប់បញ្ចូលក្នុងចំណោមកូនចៅអ៊ីស្រាអែលទេ។
8. កូនចៅរបស់ជាតិសាសន៍ទាំងនោះនៅសេសសល់ក្នុងស្រុក ព្រោះជនជាតិអ៊ីស្រាអែលពុំបានបំផ្លាញពួកគេឲ្យផុតពូជឡើយ។ ព្រះបាទសាឡូម៉ូនបានកេណ្ឌពួកនោះឲ្យធ្វើជាកំណែន រហូតដល់សព្វថ្ងៃ។
9. ព្រះបាទសាឡូម៉ូនពុំបានបង្ខំឲ្យនរណាម្នាក់ ក្នុងចំណោមកូនចៅអ៊ីស្រាអែល ធ្វើការដូចទាសករទេ ដ្បិតពួកគេជាទាហាន មេបញ្ជាការ មេកងពលរទេះចំបាំង និងកងពលសេះ។
10. ព្រះបាទសាឡូម៉ូនបានតែងតាំងមេដឹកនាំចំនួន ២៥០នាក់ ឲ្យត្រួតត្រាលើពួកកំណែន។
11. ព្រះបាទសាឡូម៉ូនបាននាំបុត្រីរបស់ព្រះចៅផារ៉ោន ចាកចេញពីបុរីព្រះបាទដាវីឌ មកគង់នៅក្នុងដំណាក់ដែលស្ដេចបានសង់ថ្វាយព្រះនាង ដ្បិតស្ដេចមានព្រះតម្រិះថា៖ «មហេសីរបស់យើងពុំអាចគង់នៅក្នុងដំណាក់របស់ព្រះបាទដាវីឌ ជាស្ដេចនៃជនជាតិអ៊ីស្រាអែលបានទេ ព្រោះកន្លែងដែលគេតម្កល់ហិបរបស់ព្រះអម្ចាស់ជាកន្លែងដ៏វិសុទ្ធ»។
12. គ្រានោះ ព្រះបាទសាឡូម៉ូនបានថ្វាយតង្វាយដុតទាំងមូល*ចំពោះព្រះអម្ចាស់ នៅលើអាសនៈដែលស្ដេចសង់នៅមុខទីសក្ការៈ
13. គឺតង្វាយប្រចាំថ្ងៃ តង្វាយសម្រាប់ថ្ងៃសប្ប័ទ តង្វាយសម្រាប់ថ្ងៃចូលខែថ្មី ព្រមទាំងតង្វាយសម្រាប់បុណ្យសំខាន់ៗបីដង ក្នុងមួយឆ្នាំ គឺថ្ងៃបុណ្យនំបុ័ងឥតមេ បុណ្យសប្ដាហ៍ និងបុណ្យបារាំ ស្របតាមបទបញ្ជាដែលលោកម៉ូសេបានចែងទុក។
14. ព្រះបាទសាឡូម៉ូនបានតែងតាំងបូជាចារ្យជាក្រុមៗ តាមមុខងាររបស់ពួកគេ ដូចព្រះបាទដាវីឌ ជាបិតា បានចាត់ចែងទុកមក។ ស្ដេចតែងតាំងក្រុមលេវីឲ្យបំពេញមុខងាររបស់ខ្លួនដែរ គឺច្រៀងសរសើរព្រះអម្ចាស់ និងជួយក្រុមបូជាចារ្យក្នុងការងារប្រចាំថ្ងៃ ដូចមានចែងទុក។ ស្ដេចក៏បានចាត់ឲ្យអ្នកយាមទ្វារ ប្រចាំការនៅមាត់ទ្វារនីមួយៗ តាមក្រុមរបស់ខ្លួនដែរ។ នេះជាវិន័យដែលព្រះបាទដាវីឌ ជាជំនិតរបស់ព្រះជាម្ចាស់ បានបង្គាប់ទុក។