9. នៅថ្ងៃទីប្រាំបី អង្គប្រជុំជួបជុំគ្នា ធ្វើពិធីឆ្លងអាសនៈចំនួនប្រាំពីរថ្ងៃ ហើយប្រារព្ធពិធីបុណ្យប្រាំពីរថ្ងៃទៀត។
10. នៅថ្ងៃទីម្ភៃបីនៃខែទីប្រាំពីរ ព្រះរាជាក៏ឲ្យប្រជាជនវិលទៅកាន់លំនៅដ្ឋានរបស់ពួកគេរៀងៗខ្លួនវិញ។ ពួកគេចាកចេញទៅដោយចិត្តសប្បាយរីករាយ ព្រោះព្រះអម្ចាស់បានសម្តែងព្រះហឫទ័យសប្បុរសចំពោះព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ព្រមទាំងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
11. កាលព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះអម្ចាស់ រាជវាំង និងអ្វីៗទាំងប៉ុន្មានដែលស្ដេចមានបំណងធ្វើ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងរាជវាំង ចប់សព្វគ្រប់ហើយ
12. ព្រះអម្ចាស់យាងមកជួបស្ដេច នៅពេលយប់ ទ្រង់មានព្រះបន្ទូលថា៖ «យើងឮពាក្យអធិស្ឋានរបស់អ្នកហើយ យើងក៏បានជ្រើសរើសកន្លែងនេះ ទុកជាដំណាក់សម្រាប់ធ្វើយញ្ញបូជា។
13. កាលណាយើងធ្វើឲ្យមេឃរាំង គ្មានភ្លៀង កាលណាយើងបញ្ជាឲ្យកណ្ដូបមកស៊ីបំផ្លាញស្រុក ឬចាត់ជំងឺរាតត្បាតមកប្រហារប្រជារាស្ត្ររបស់យើង
14. ប្រសិនបើប្រជារាស្ត្ររបស់យើង គឺប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់យើងផ្ទាល់ នាំគ្នាបន្ទាបខ្លួន អធិស្ឋាន* និងស្វែងរកយើង ហើយប្រសិនបើគេបោះបង់ចោលផ្លូវអាក្រក់របស់ខ្លួន យើងនឹងស្ដាប់គេពីស្ថានបរមសុខ* យើងនឹងលើកលែងទោសគេឲ្យរួចពីបាប ព្រមទាំងប្រោសស្រុកគេឲ្យបានជាផង។
15. ពីពេលនេះទៅ យើងបើកភ្នែកមើល និងផ្ទៀងត្រចៀកស្ដាប់ពាក្យដែលគេអធិស្ឋាននៅទីនេះ។
16. យើងជ្រើសរើស និងញែកដំណាក់នេះទុកសម្រាប់នាមយើង រហូតតទៅ។ យើងនឹងថែរក្សា ហើយជំពាក់ចិត្តនឹងកន្លែងនេះជានិច្ច។
17. រីឯអ្នកវិញ ប្រសិនបើអ្នកដើរតាមយើង ដូចដាវីឌ ជាបិតារបស់អ្នក ដោយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលយើងបង្គាប់ ហើយកាន់តាមច្បាប់ និងបទបញ្ជារបស់យើង