13. កាលណាយើងធ្វើឲ្យមេឃរាំង គ្មានភ្លៀង កាលណាយើងបញ្ជាឲ្យកណ្ដូបមកស៊ីបំផ្លាញស្រុក ឬចាត់ជំងឺរាតត្បាតមកប្រហារប្រជារាស្ត្ររបស់យើង
14. ប្រសិនបើប្រជារាស្ត្ររបស់យើង គឺប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់យើងផ្ទាល់ នាំគ្នាបន្ទាបខ្លួន អធិស្ឋាន* និងស្វែងរកយើង ហើយប្រសិនបើគេបោះបង់ចោលផ្លូវអាក្រក់របស់ខ្លួន យើងនឹងស្ដាប់គេពីស្ថានបរមសុខ* យើងនឹងលើកលែងទោសគេឲ្យរួចពីបាប ព្រមទាំងប្រោសស្រុកគេឲ្យបានជាផង។
15. ពីពេលនេះទៅ យើងបើកភ្នែកមើល និងផ្ទៀងត្រចៀកស្ដាប់ពាក្យដែលគេអធិស្ឋាននៅទីនេះ។
16. យើងជ្រើសរើស និងញែកដំណាក់នេះទុកសម្រាប់នាមយើង រហូតតទៅ។ យើងនឹងថែរក្សា ហើយជំពាក់ចិត្តនឹងកន្លែងនេះជានិច្ច។
17. រីឯអ្នកវិញ ប្រសិនបើអ្នកដើរតាមយើង ដូចដាវីឌ ជាបិតារបស់អ្នក ដោយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលយើងបង្គាប់ ហើយកាន់តាមច្បាប់ និងបទបញ្ជារបស់យើង
18. យើងនឹងធ្វើឲ្យរាជសម្បត្តិរបស់អ្នកនៅស្ថិតស្ថេរ ដូចយើងបានសន្យាជាមួយដាវីឌ ជាបិតារបស់អ្នកថា “ក្នុងចំណោមពូជពង្សរបស់អ្នក តែងតែមានម្នាក់ ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែលជានិច្ច”។
19. ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាបែកចិត្តចេញពីយើង ហើយមិនកាន់តាមច្បាប់ និងបទបញ្ជាដែលយើងប្រគល់ឲ្យទេ ឬប្រសិនបើអ្នករាល់គ្នាបែរទៅគោរព និងថ្វាយបង្គំព្រះដទៃ
20. យើងនឹងដកអ្នករាល់គ្នាចេញពីទឹកដីរបស់យើង គឺទឹកដីដែលយើងប្រគល់ឲ្យអ្នករាល់គ្នា ហើយយើងក៏នឹងបោះបង់ចោលដំណាក់ ដែលយើងញែកទុកសម្រាប់នាមយើងនេះ ឲ្យឆ្ងាយពីមុខយើងដែរ។ ពេលនោះ ប្រជាជនអ៊ីស្រាអែលនឹងត្រូវជាតិសាសន៍ទាំងអស់មាក់ងាយ និងចំអកឲ្យ។