7. ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ មានបំណងសង់ព្រះវិហារមួយ សម្រាប់ព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។
8. ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំថា “អ្នកមានបំណងសង់ព្រះដំណាក់សម្រាប់នាមយើងដូច្នេះ ជាការប្រសើរណាស់
9. តែមិនមែនអ្នកទេដែលនឹងសង់ព្រះដំណាក់នេះ គឺកូនដែលកើតចេញពីសាច់ឈាមរបស់អ្នកផ្ទាល់ ជាអ្នកសង់ព្រះដំណាក់សម្រាប់នាមយើង”។
10. ព្រះអម្ចាស់បានសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ គឺខ្ញុំបានឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ ខ្ញុំគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ខ្ញុំក៏បានសង់ព្រះដំណាក់នេះសម្រាប់ព្រះនាមព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលដែរ។