5. “តាំងពីថ្ងៃដែលយើងបាននាំប្រជារាស្ត្ររបស់យើងចាកចេញពីស្រុកអេស៊ីប យើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រាអែល ដើម្បីសង់ដំណាក់មួយ ទុកជាកន្លែងសម្រាប់សម្តែងនាមរបស់យើងឡើយ យើងក៏ពុំបានជ្រើសរើសនរណាម្នាក់ផ្សេង ដើម្បីធ្វើជាមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងដែរ
6. គឺយើងបានជ្រើសរើសក្រុងយេរូសាឡឹម ដើម្បីសម្តែងនាមរបស់យើង ហើយជ្រើសរើសដាវីឌឲ្យធ្វើជាមេដឹកនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង”។
7. ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ មានបំណងសង់ព្រះវិហារមួយ សម្រាប់ព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។
8. ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំថា “អ្នកមានបំណងសង់ព្រះដំណាក់សម្រាប់នាមយើងដូច្នេះ ជាការប្រសើរណាស់
9. តែមិនមែនអ្នកទេដែលនឹងសង់ព្រះដំណាក់នេះ គឺកូនដែលកើតចេញពីសាច់ឈាមរបស់អ្នកផ្ទាល់ ជាអ្នកសង់ព្រះដំណាក់សម្រាប់នាមយើង”។
10. ព្រះអម្ចាស់បានសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ គឺខ្ញុំបានឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ ខ្ញុំគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ខ្ញុំក៏បានសង់ព្រះដំណាក់នេះសម្រាប់ព្រះនាមព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលដែរ។
11. ខ្ញុំបានតម្កល់ហិបដាក់បន្ទះថ្មនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ នៅក្នុងព្រះដំណាក់នេះ គឺសម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយជនជាតិអ៊ីស្រាអែល»។
12. ព្រះរាជាឈរពីមុខអាសនៈរបស់ព្រះអម្ចាស់ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល ស្ដេចលើកព្រះហស្ដឡើងលើ។
13. ព្រះបាទសាឡូម៉ូនបានធ្វើវេទិកាមួយពីលង្ហិន តម្កល់នៅចំកណ្ដាលទីលានព្រះដំណាក់ វេទិកានេះមានបណ្ដោយប្រាំហត្ថ ទទឹងប្រាំហត្ថ និងកំពស់បីហត្ថ។ ព្រះរាជាយាងឡើងគង់លើវេទិកានោះ រួចលុតជង្គង់ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល ហើយលើកព្រះហស្ដឡើងទៅលើមេឃ ទូលថា៖
14. «បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! នៅលើមេឃ និងនៅលើផែនដី គ្មានព្រះណាមួយដូចព្រះអង្គឡើយ។ ព្រះអង្គរក្សាសម្ពន្ធមេត្រី ហើយសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះអ្នកបម្រើរបស់ព្រះអង្គ ដែលដើរនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដោយស្មោះអស់ពីចិត្ត។
15. ព្រះអង្គប្រោសប្រណីដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ និងជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ថ្ងៃនេះ ព្រះអង្គសម្រេចតាមព្រះបន្ទូលសន្យា ដោយសារឫទ្ធិបារមីរបស់ព្រះអង្គ។
16. បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! ឥឡូវនេះ សូមព្រះអង្គប្រោសប្រណីដល់អ្នកបម្រើព្រះអង្គ គឺព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាថា “ប្រសិនបើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ារបស់ខ្លួន ដោយគោរពតាមក្រឹត្យវិន័យ*របស់យើង ដូចអ្នកបានដើរតាមយើងដែរនោះ ក្នុងចំណោមពួកគេ តែងតែមានម្នាក់ ឡើងគ្រងរាជ្យលើអ៊ីស្រាអែល នៅចំពោះមុខយើងជានិច្ច”។
17. បពិត្រព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល ឥឡូវនេះ សូមសម្រេចតាមព្រះបន្ទូលដែលព្រះអង្គសន្យាជាមួយព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គផង។