32. សូម្បីតែជនបរទេសដែលមិនមែនជាជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ មកពីស្រុកឆ្ងាយ ព្រោះតែព្រះនាមដ៏ឧត្ដុង្គឧត្ដម ព្រមទាំងឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ ប្រសិនបើគេមកអង្វរព្រះអង្គក្នុងព្រះដំណាក់នេះ
33. សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ទ្រង់ព្រះសណ្ដាប់ និងប្រោសប្រទាន តាមសំណូមពរទាំងប៉ុន្មាន ដែលជនបរទេសនោះទូលសូមពីព្រះអង្គ ដើម្បីឲ្យជាតិសាសន៍ទាំងអស់នៅលើផែនដីស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយគោរពកោតខ្លាចព្រះអង្គ ដូចជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គដែរ។ ពួកគេនឹងទទួលស្គាល់ថា ព្រះដំណាក់ដែលទូលបង្គំសង់នេះ ពិតជាកន្លែងដែលព្រះអង្គគង់នៅមែន។
34. កាលណាប្រជារាស្ត្ររបស់ព្រះអង្គចេញទៅច្បាំងនឹងខ្មាំងសត្រូវតាមបញ្ជារបស់ព្រះអង្គ រួចទូលអង្វរព្រះអង្គឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និងឆ្ពោះមកព្រះដំណាក់ ដែលទូលបង្គំបានសង់ថ្វាយព្រះនាមរបស់ព្រះអង្គ
35. សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ស្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ពួកគេ ហើយរកយុត្តិធម៌ឲ្យពួកគេផង។
36. កាលណាជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ដ្បិតគ្មាននរណាម្នាក់មិនប្រព្រឹត្តអំពើបាបឡើយ ពេលនោះ ព្រះអង្គទ្រង់ព្រះពិរោធនឹងពួកគេ ហើយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ ពេលខ្មាំងកៀរពួកគេទៅជាឈ្លើយនៅស្រុកមួយ ទោះបីឆ្ងាយ ឬជិតក្ដី
37. ប្រសិនបើនៅក្នុងស្រុកដែលពួកគេជាប់ជាឈ្លើយ ពួកគេភ្ញាក់រលឹក រួចវិលមករកព្រះអង្គវិញ ហើយទូលអង្វរថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តខុស យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់!”។
38. នៅក្នុងស្រុកដែលខ្មាំងចាប់ពួកគេយកទៅជាឈ្លើយនោះ ប្រសិនបើពួកគេវិលមករកព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីគំនិត រួចទូលអង្វរព្រះអង្គ ឆ្ពោះមកស្រុកដែលព្រះអង្គប្រទានឲ្យដូនតារបស់គេ ឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និងឆ្ពោះមកព្រះដំណាក់ដែលទូលបង្គំបានសង់សម្រាប់ព្រះនាមរបស់ព្រះអង្គ
39. សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ពួកគេ ហើយរកយុត្តិធម៌ឲ្យពួកគេផង។ សូមលើកលែងទោសឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ដែលបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ។
40. បពិត្រព្រះនៃទូលបង្គំ ឥឡូវនេះ សូមព្រះអង្គទតមើលមកទូលបង្គំ! សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យដែលយើងខ្ញុំអធិស្ឋាន នៅទីនេះផង។
41. ព្រះជាអម្ចាស់អើយ ឥឡូវនេះ សូមក្រោកឡើងសូមយាងមកជាមួយហិបនៃឫទ្ធានុភាពរបស់ព្រះអង្គហើយគង់នៅក្នុងទីសម្រាករបស់ព្រះអង្គរហូតតទៅ។ ព្រះជាអម្ចាស់អើយសូមឲ្យការសង្គ្រោះស្ថិតនៅជាប់ជាមួយពួកបូជាចារ្យរបស់ព្រះអង្គ ដូចសម្លៀកបំពាក់ហើយសូមឲ្យប្រជារាស្ត្ររបស់ព្រះអង្គជួបប្រទះតែនឹងសុភមង្គល!