9. ស្ដេចឲ្យគេធ្វើទីលានមួយ សម្រាប់ពួកបូជាចារ្យ និងទីធ្លាយ៉ាងធំមួយទៀត ព្រមទាំងមានទ្វារផង ហើយសន្លឹកទ្វារទាំងនោះមានស្រោបលង្ហិន។
10. រីឯអាងធំ ស្ដេចបានឲ្យគេតម្កល់នៅខាងស្ដាំព្រះដំណាក់ ត្រង់ទិសអាគ្នេយ៍។
11. កាលលោកហ៊ីរ៉ាមធ្វើអាង ប្រដាប់ចូកផេះ និងផើងដាក់ឈាមរួចរាល់ហើយ កិច្ចការទាំងអស់ដែលលោកធ្វើថ្វាយព្រះបាទសាឡូម៉ូន នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក៏បានចប់សព្វគ្រប់
12. គឺមានសសរពីរ ក្បាលសសររាងមូលទាំងពីរ ដែលស្ថិតនៅខាងចុងសសរ ព្រមទាំងក្បាច់ក្រឡាសំណាញ់ពីរ សម្រាប់គ្របពីលើក្បាលសសរនៅខាងលើសសរ
13. ក្បាច់ផ្លែទទឹមចំនួនបួនរយចងភ្ជាប់នឹងក្រឡាសំណាញ់ទាំងពីរ គឺផ្លែទទឹមពីរជួរ សម្រាប់ភ្ជាប់នឹងក្រឡាសំណាញ់នីមួយៗ ដែលគ្របពីលើក្បាលសសរនៅខាងលើសសរ។
14. លោកហ៊ីរ៉ាមក៏បានធ្វើរទេះ និងអាងដាក់លើរទេះទាំងនោះ
15. អាងធំ និងរូបគោចំនួនដប់ពីរសម្រាប់ទ្រអាង
16. ធុងសម្រាប់ដាក់ផេះ ប្រដាប់ចូកផេះ និងសមសម្រាប់ចាក់សាច់។ គ្រឿងប្រដាប់ទាំងអស់ដែលលោកហ៊ីរ៉ាមធ្វើថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ដាក់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សុទ្ធតែធ្វើអំពីលង្ហិន ដែលខាត់យ៉ាងរលោង។
17. ស្ដេចឲ្យគេសិតគ្រឿងប្រដាប់ទាំងនោះក្នុងពុម្ពដីឥដ្ឋ នៅវាលទំនាបទន្លេយ័រដាន់ ត្រង់ចន្លោះសិកូត និងសារថាន។
18. ព្រះបាទសាឡូម៉ូនបានឲ្យគេធ្វើគ្រឿងប្រដាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហេតុនេះ គេពុំអាចគិតពីទម្ងន់លង្ហិនបានទេ។
19. ព្រះបាទសាឡូម៉ូនបានឲ្យគេធ្វើគ្រឿងប្រដាប់ផ្សេងទៀត អំពីមាសសម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ គឺមាន អាសនៈមាស តុសម្រាប់តម្កល់នំបុ័ងថ្វាយព្រះអម្ចាស់
20. ជើងចង្កៀង និងចង្កៀងធ្វើអំពីមាសសុទ្ធ ដែលត្រូវដុតតាមក្បួនតម្រានៅមុខទីសក្ការៈ។
21. ផ្នែកដាក់ប្រេង តួចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើអំពីមាសដ៏សុទ្ធបំផុតដែរ។
22. កាំបិត ផើងដាក់ឈាម ពែង និងភាជន៍ធ្វើអំពីមាសសុទ្ធទាំងអស់។ រីឯសន្លឹកទ្វារប៉ែកខាងក្នុងរបស់ព្រះដំណាក់ សម្រាប់ចូលទៅក្នុងទីសក្ការៈបំផុត និងសន្លឹកទ្វារចូលព្រះដំណាក់សុទ្ធតែធ្វើពីមាស។