1. ស្ដេចឲ្យគេធ្វើអាសនៈមួយពីលង្ហិន មានបណ្ដោយប្រាំហត្ថ ទទឹងម្ភៃហត្ថ និងកំពស់ដប់ហត្ថ។
2. ស្ដេចឲ្យគេធ្វើអាងមួយយ៉ាងធំពីលង្ហិន ដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកំពស់ប្រាំហត្ថ និងរង្វង់ជុំវិញសាមសិបហត្ថ។
3. នៅក្រោមគែមមាត់អាង មានសិតរូបគោពីរជួរ គឺក្នុងប្រវែងមួយហត្ថ មានសិតរូបគោដប់ព័ទ្ធជុំវិញអាង។ រូបគោទាំងពីរជួរនោះសិតជាប់ជាមួយអាង។
4. អាងនោះទ្រដោយរូបគោលង្ហិនចំនួនដប់ពីរ គោបីបែរទៅខាងជើង គោបីបែរទៅខាងលិច គោបីបែរទៅខាងត្បូង និងគោបីទៀតបែរទៅខាងកើត។ រីឯខ្លួនវាបែរចូលក្នុងដើម្បីទ្រអាង។
5. អាងនេះមានកំរាស់មួយទះ មាត់របស់វារីក ដូចមាត់ពែង និងមានរាងដូចផ្កាម្លិះ ហើយមានចំណុះប្រមាណ ៣ ០០០ អំរែក។
6. ស្ដេចឲ្យគេធ្វើអាងពីលង្ហិនចំនួនដប់ទៀត ហើយដាក់ប្រាំនៅខាងស្ដាំ និងប្រាំនៅខាងឆ្វេងសម្រាប់ធ្វើពិធីជម្រះ និងលាងសត្វទាំងប៉ុន្មានដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល រីឯពួកបូជាចារ្យត្រូវធ្វើពិធីជម្រះកាយក្នុងអាងធំធ្វើពីលង្ហិនវិញ។
7. ស្ដេចឲ្យគេធ្វើជើងចង្កៀងអំពីមាសចំនួនដប់ តាមក្បួនតម្រាស្ដីអំពីជើងចង្កៀងនេះ រួចយកទៅដាក់នៅក្នុងព្រះវិហារ ជើងចង្កៀងប្រាំនៅខាងស្ដាំ និងប្រាំទៀតនៅខាងឆ្វេង។
8. ស្ដេចឲ្យគេធ្វើតុចំនួនដប់សម្រាប់ដាក់ក្នុងព្រះវិហារ គឺតុប្រាំនៅខាងស្ដាំ និងប្រាំនៅខាងឆ្វេង។ ស្ដេចក៏ឲ្យគេធ្វើផើងដាក់ឈាមពីមាសចំនួនមួយរយដែរ។
9. ស្ដេចឲ្យគេធ្វើទីលានមួយ សម្រាប់ពួកបូជាចារ្យ និងទីធ្លាយ៉ាងធំមួយទៀត ព្រមទាំងមានទ្វារផង ហើយសន្លឹកទ្វារទាំងនោះមានស្រោបលង្ហិន។