9. កាលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យ ស្ដេចមានជន្មាយុប្រាំបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ទេ។
10. នៅពេលចូលឆ្នាំ ព្រះចៅនេប៊ូក្នេសាចាប់ស្ដេច ព្រមទាំងយកទ្រព្យសម្បត្តិក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នាំទៅស្រុកបាប៊ីឡូន។ ព្រះចៅនេប៊ូក្នេសាបានតែងតាំងព្រះបាទសេដេគា ជាអនុជរបស់ព្រះបាទយ៉ូយ៉ាគីន ឲ្យសោយរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡឹម។
11. កាលព្រះបាទសេដេគាឡើងសោយរាជ្យ ស្ដេចមានជន្មាយុម្ភៃមួយព្រះវស្សា ស្ដេចសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។
12. ព្រះបាទសេដេគាប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្ដេចទេ ហើយពេលព្យាការីយេរេមាថ្លែងព្រះបន្ទូលក្នុងនាមព្រះអម្ចាស់ ក៏ស្ដេចពុំព្រមសារភាពកំហុសដែរ។
13. ព្រះចៅនេប៊ូក្នេសាបានឲ្យស្ដេចស្បថក្នុងនាមព្រះជាម្ចាស់ ប៉ុន្តែ ទោះបីយ៉ាងនេះក្ដី ក៏ស្ដេចនៅតែបះបោរប្រឆាំងនឹងព្រះចៅនេប៊ូក្នេសាដែរ។ ស្ដេចតាំងចិត្តមានះ មិនព្រមវិលត្រឡប់មករកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលទេ។
14. មេដឹកនាំទាំងអស់របស់ក្រុមបូជាចារ្យ ព្រមទាំងប្រជាជន នាំគ្នាប្រព្រឹត្តអំពើអាក្រក់ក្បត់ព្រះជាម្ចាស់កាន់តែច្រើនឡើងៗ ពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ហើយបន្ថោកព្រះដំណាក់របស់ព្រះអម្ចាស់ ដែលព្រះអង្គបានញែកជាសក្ការៈនៅក្រុងយេរូសាឡឹម។
15. ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ បានចាត់អ្នកបម្រើរបស់ព្រះអង្គ ឲ្យទៅដាស់តឿនពួកគេជាច្រើនដង ព្រោះព្រះអង្គមានព្រះហឫទ័យមេត្តាប្រជារាស្ត្រ និងព្រះដំណាក់របស់ព្រះអង្គផ្ទាល់។