19. កងទ័ពបាប៊ីឡូនបានដុតព្រះដំណាក់របស់ព្រះជាម្ចាស់ ផ្ដួលរំលំកំពែងក្រុងយេរូសាឡឹម ព្រមទាំងដុតវិមានផ្សេងៗ និងកម្ទេចវត្ថុដ៏មានតម្លៃទាំងអស់ចោល។
20. ព្រះចៅនេប៊ូក្នេសាកៀរប្រជាជន ដែលនៅសេសសល់ពីសង្គ្រាម យកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ អ្នកទាំងនោះធ្វើជាទាសកររបស់ព្រះចៅនេប៊ូក្នេសា និងបុត្ររបស់ស្ដេច រហូតដល់អាណាចក្រពែរ្សគ្រប់គ្រងស្រុក។
21. ហេតុការណ៍នេះកើតមានស្របតាមព្រះបន្ទូល ដែលព្រះអម្ចាស់បានថ្លែងតាមរយៈព្យាការីយេរេមាថា «ស្រុកទេសនឹងក្លាយទៅជាទីស្មសាន អស់រយៈពេលចិតសិបឆ្នាំ ដូច្នេះ ក្នុងអំឡុងពេលនោះ ទឹកដីនឹងបានសម្រាក ជំនួសឆ្នាំសប្ប័ទ*ដែលប្រជាជនពុំបានគោរព»។
22. ក្នុងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចស្រុកពែរ្ស ព្រះអម្ចាស់បានជំរុញព្រះហឫទ័យព្រះចៅស៊ីរូស ឲ្យចេញប្រកាស និងរាជក្រឹត្យក្នុងអាណាចក្ររបស់ស្ដេចទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែង តាមរយៈលោកយេរេមា មានសេចក្ដីដូចតទៅ៖
23. «ព្រះចៅស៊ីរូស ជាស្ដេចស្រុកពែរ្ស មានរាជឱង្ការដូចតទៅ: ព្រះអម្ចាស់ជាព្រះនៃស្ថានបរមសុខ បានប្រគល់នគរទាំងអស់នៅលើផែនដី មកឲ្យយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាឲ្យយើងសង់ព្រះដំណាក់មួយនៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដា ថ្វាយព្រះអង្គ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ អ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹមវិញ ហើយសូមឲ្យព្រះរបស់គេគង់នៅជាមួយគេ»។