10. នៅពេលចូលឆ្នាំ ព្រះចៅនេប៊ូក្នេសាចាប់ស្ដេច ព្រមទាំងយកទ្រព្យសម្បត្តិក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នាំទៅស្រុកបាប៊ីឡូន។ ព្រះចៅនេប៊ូក្នេសាបានតែងតាំងព្រះបាទសេដេគា ជាអនុជរបស់ព្រះបាទយ៉ូយ៉ាគីន ឲ្យសោយរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡឹម។
11. កាលព្រះបាទសេដេគាឡើងសោយរាជ្យ ស្ដេចមានជន្មាយុម្ភៃមួយព្រះវស្សា ស្ដេចសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។
12. ព្រះបាទសេដេគាប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្ដេចទេ ហើយពេលព្យាការីយេរេមាថ្លែងព្រះបន្ទូលក្នុងនាមព្រះអម្ចាស់ ក៏ស្ដេចពុំព្រមសារភាពកំហុសដែរ។
13. ព្រះចៅនេប៊ូក្នេសាបានឲ្យស្ដេចស្បថក្នុងនាមព្រះជាម្ចាស់ ប៉ុន្តែ ទោះបីយ៉ាងនេះក្ដី ក៏ស្ដេចនៅតែបះបោរប្រឆាំងនឹងព្រះចៅនេប៊ូក្នេសាដែរ។ ស្ដេចតាំងចិត្តមានះ មិនព្រមវិលត្រឡប់មករកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលទេ។
14. មេដឹកនាំទាំងអស់របស់ក្រុមបូជាចារ្យ ព្រមទាំងប្រជាជន នាំគ្នាប្រព្រឹត្តអំពើអាក្រក់ក្បត់ព្រះជាម្ចាស់កាន់តែច្រើនឡើងៗ ពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ហើយបន្ថោកព្រះដំណាក់របស់ព្រះអម្ចាស់ ដែលព្រះអង្គបានញែកជាសក្ការៈនៅក្រុងយេរូសាឡឹម។
15. ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ បានចាត់អ្នកបម្រើរបស់ព្រះអង្គ ឲ្យទៅដាស់តឿនពួកគេជាច្រើនដង ព្រោះព្រះអង្គមានព្រះហឫទ័យមេត្តាប្រជារាស្ត្រ និងព្រះដំណាក់របស់ព្រះអង្គផ្ទាល់។
16. ប៉ុន្តែ ពួកគេបែរជាប្រមាថអ្នកដែលព្រះអង្គចាត់ឲ្យទៅ ពួកគេមើលងាយព្រះបន្ទូលរបស់ព្រះអង្គ ព្រមទាំងប្រមាថពួកព្យាការី រហូតធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គយ៉ាងខ្លាំង មិនអាចប្រែប្រួលបាន។
17. ពេលនោះ ព្រះអម្ចាស់ក៏បានចាត់ស្ដេចនៃជនជាតិខាល់ដេ ឲ្យលើកទ័ពមកវាយពួកគេ។ ស្ដេចនោះសម្លាប់យុវជនរបស់ពួកគេនៅក្នុងព្រះវិហារ ហើយសម្លាប់រង្គាលប្រជាជនទាំងអស់ ឥតសំចៃនរណាម្នាក់ឡើយ គឺសម្លាប់យុវជនទាំងប្រុស ទាំងស្រី និងមនុស្សចាស់ជរាសក់ស្កូវ។ ព្រះអង្គប្រគល់ពួកគេទាំងអស់គ្នា ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចនោះ។
18. ព្រះចៅនេប៊ូក្នេសាប្រមូលវត្ថុទាំងប៉ុន្មាន ដែលមាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺរបស់ទាំងតូច ទាំងធំ ព្រមទាំងទ្រព្យសម្បត្តិនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដំណាក់ស្ដេច និងផ្ទះរបស់ពួកមន្ត្រី នាំយកទៅស្រុកបាប៊ីឡូន។
19. កងទ័ពបាប៊ីឡូនបានដុតព្រះដំណាក់របស់ព្រះជាម្ចាស់ ផ្ដួលរំលំកំពែងក្រុងយេរូសាឡឹម ព្រមទាំងដុតវិមានផ្សេងៗ និងកម្ទេចវត្ថុដ៏មានតម្លៃទាំងអស់ចោល។
20. ព្រះចៅនេប៊ូក្នេសាកៀរប្រជាជន ដែលនៅសេសសល់ពីសង្គ្រាម យកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ អ្នកទាំងនោះធ្វើជាទាសកររបស់ព្រះចៅនេប៊ូក្នេសា និងបុត្ររបស់ស្ដេច រហូតដល់អាណាចក្រពែរ្សគ្រប់គ្រងស្រុក។
21. ហេតុការណ៍នេះកើតមានស្របតាមព្រះបន្ទូល ដែលព្រះអម្ចាស់បានថ្លែងតាមរយៈព្យាការីយេរេមាថា «ស្រុកទេសនឹងក្លាយទៅជាទីស្មសាន អស់រយៈពេលចិតសិបឆ្នាំ ដូច្នេះ ក្នុងអំឡុងពេលនោះ ទឹកដីនឹងបានសម្រាក ជំនួសឆ្នាំសប្ប័ទ*ដែលប្រជាជនពុំបានគោរព»។
22. ក្នុងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចស្រុកពែរ្ស ព្រះអម្ចាស់បានជំរុញព្រះហឫទ័យព្រះចៅស៊ីរូស ឲ្យចេញប្រកាស និងរាជក្រឹត្យក្នុងអាណាចក្ររបស់ស្ដេចទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែង តាមរយៈលោកយេរេមា មានសេចក្ដីដូចតទៅ៖
23. «ព្រះចៅស៊ីរូស ជាស្ដេចស្រុកពែរ្ស មានរាជឱង្ការដូចតទៅ: ព្រះអម្ចាស់ជាព្រះនៃស្ថានបរមសុខ បានប្រគល់នគរទាំងអស់នៅលើផែនដី មកឲ្យយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាឲ្យយើងសង់ព្រះដំណាក់មួយនៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដា ថ្វាយព្រះអង្គ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ អ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹមវិញ ហើយសូមឲ្យព្រះរបស់គេគង់នៅជាមួយគេ»។