២ របាក្សត្រ 36:1-8 Khmer Standard Version (KHSV)

1. ប្រជា‌ជន​យូដា​នាំ​គ្នា​តែង‌តាំង​ព្រះ‌បាទ​យ៉ូ‌អា‌ហាស់ ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូ‌សៀស​ឲ្យ​ឡើង​ស្នង​រាជ្យ​បិតា នៅ​ក្រុង​យេរូ‌សាឡឹម។

2. កាល​ព្រះ‌បាទ​យ៉ូ‌អា‌ហាស់​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ម្ភៃ​បី​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។

3. ស្ដេច​ស្រុក​អេស៊ីប​បាន​ទម្លាក់​រាជ្យ​របស់​ព្រះ‌បាទ​យ៉ូ‌អា‌ហាស់ ហើយ​តម្រូវ​ឲ្យ​ស្រុក​យូដា​បង់​សួយសារ‌អាករ​ជា​ប្រាក់​ហា‌សិប​ហាប និង​មាស​កន្លះ​ហាប​ទៀត​ផង។

4. ព្រះ‌ចៅ​ផារ៉ោន‌នេ‌កោ​បាន​តែង‌តាំង​ព្រះ‌បាទ​អេលា‌គីម ជា​អនុជ​របស់​ព្រះ‌បាទ​យ៉ូ‌អា‌ហាស់ ឲ្យ​សោយ​រាជ្យ​លើ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ហើយ​ដូរ​នាម​ថា យេហូ‌យ៉ាគីម​វិញ។ រីឯ​ព្រះ‌បាទ​យ៉ូ‌អា‌ហាស់ ព្រះ‌ចៅ​នេកោ​នាំ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អេស៊ីប។

5. កាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​ប្រាំ​ព្រះ‌វស្សា ហើយ​ទ្រង់​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច​ទេ។

6. ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​លើក​ទ័ព​ចេញ​មក​ច្បាំង​នឹង​ព្រះ‌បាទ​យេហូ‌យ៉ាគីម ហើយ​ចាប់​ស្ដេច​ចង​នឹង​ច្រវាក់​ធ្វើ​ពី​លង្ហិន នាំ​យក​ទៅ​ស្រុក​បាប៊ី‌ឡូន។

7. ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ក៏​បាន​នាំ​យក​វត្ថុ​ផ្សេងៗ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ទុក​ក្នុង​វាំង​របស់​ស្ដេច​នៅ​ក្រុង​បាប៊ី‌ឡូន​ដែរ។

8. រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យេហូ‌យ៉ាគីម គឺ​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​ស្ដេច​ផ្ទាល់​បាន​ប្រព្រឹត្ត សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល និង​ស្ដេច​ស្រុក​យូដា។ ព្រះ‌បាទ​យ៉ូយ៉ា‌គីន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

២ របាក្សត្រ 36