1. ប្រជាជនយូដានាំគ្នាតែងតាំងព្រះបាទយ៉ូអាហាស់ ជាបុត្ររបស់ព្រះបាទយ៉ូសៀសឲ្យឡើងស្នងរាជ្យបិតា នៅក្រុងយេរូសាឡឹម។
2. កាលព្រះបាទយ៉ូអាហាស់ឡើងសោយរាជ្យ ស្ដេចមានជន្មាយុម្ភៃបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។
3. ស្ដេចស្រុកអេស៊ីបបានទម្លាក់រាជ្យរបស់ព្រះបាទយ៉ូអាហាស់ ហើយតម្រូវឲ្យស្រុកយូដាបង់សួយសារអាករជាប្រាក់ហាសិបហាប និងមាសកន្លះហាបទៀតផង។
4. ព្រះចៅផារ៉ោននេកោបានតែងតាំងព្រះបាទអេលាគីម ជាអនុជរបស់ព្រះបាទយ៉ូអាហាស់ ឲ្យសោយរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡឹម ហើយដូរនាមថា យេហូយ៉ាគីមវិញ។ រីឯព្រះបាទយ៉ូអាហាស់ ព្រះចៅនេកោនាំយកទៅជាឈ្លើយនៅស្រុកអេស៊ីប។
5. កាលព្រះបាទយេហូយ៉ាគីមឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃប្រាំព្រះវស្សា ហើយទ្រង់សោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្ដេចទេ។
6. ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកទ័ពចេញមកច្បាំងនឹងព្រះបាទយេហូយ៉ាគីម ហើយចាប់ស្ដេចចងនឹងច្រវាក់ធ្វើពីលង្ហិន នាំយកទៅស្រុកបាប៊ីឡូន។
7. ព្រះចៅនេប៊ូក្នេសាក៏បាននាំយកវត្ថុផ្សេងៗពីព្រះដំណាក់របស់ព្រះអម្ចាស់ ទៅទុកក្នុងវាំងរបស់ស្ដេចនៅក្រុងបាប៊ីឡូនដែរ។
8. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយេហូយ៉ាគីម គឺអំពើដ៏គួរស្អប់ខ្ពើម ដែលស្ដេចផ្ទាល់បានប្រព្រឹត្ត សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្ដេចស្រុកអ៊ីស្រាអែល និងស្ដេចស្រុកយូដា។ ព្រះបាទយ៉ូយ៉ាគីន ជាបុត្រ បានឡើងស្នងរាជ្យ។
9. កាលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យ ស្ដេចមានជន្មាយុប្រាំបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ទេ។
10. នៅពេលចូលឆ្នាំ ព្រះចៅនេប៊ូក្នេសាចាប់ស្ដេច ព្រមទាំងយកទ្រព្យសម្បត្តិក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នាំទៅស្រុកបាប៊ីឡូន។ ព្រះចៅនេប៊ូក្នេសាបានតែងតាំងព្រះបាទសេដេគា ជាអនុជរបស់ព្រះបាទយ៉ូយ៉ាគីន ឲ្យសោយរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡឹម។