២ របាក្សត្រ 35:3-11 Khmer Standard Version (KHSV)

3. ស្ដេច​បង្គាប់​ក្រុម​លេវី ដែល​គេ​ញែក​ទុក​ដោយ​ឡែក​ថ្វាយ​ព្រះ‌អម្ចាស់ ហើយ​មាន​ភារ‌កិច្ច​ប្រៀន‌ប្រដៅ​ប្រជា‌ជន​នៅ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ចូរ​ដាក់​ហិប​ដ៏‌វិសុទ្ធ​នៅ​ក្នុង​ព្រះ‌ដំណាក់​ដែល​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ ស្ដេច​ស្រុក​អ៊ីស្រា‌អែល បាន​សង់។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​សែង​ហិប​នេះ​ទៀត​ទេ ឥឡូវ​នេះ ចូរ​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​បម្រើ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ទៅ។

4. ចូរ​រៀប‌ចំ​ខ្លួន​តាម​ក្រុម​គ្រួសារ និង​តាម​ជាន់​ថ្នាក់​របស់​អ្នក​រាល់​គ្នា ដូច​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល និង​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ បាន​ចង​ក្រង​ជា​ក្បួន​តម្រា​ទុក​មក​ស្រាប់។

5. ចូរ​នាំ​គ្នា​ឈរ​នៅ​ក្នុង​ទី‌សក្ការៈ​តាម​លំដាប់‌លំដោយ គឺ​ក្រុម​គ្រួសារ​លេវី​នីមួយៗ​ធ្វើ​ជា​តំណាង​ឲ្យ​ក្រុម​គ្រួសារ​ផ្សេងៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

6. ចូរ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​សម្រាប់​ពិធី​បុណ្យ​ចម្លង ហើយ​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ដើម្បី​រៀបចំ​ពិធី​បុណ្យ​ចម្លង​ជូន​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​តាម​រយៈ​លោក​ម៉ូសេ»។

7. ព្រះ‌បាទ​យ៉ូ‌សៀស​យក​កូន​ចៀម និង​កូន​ពពែ ៣០ ០០០ ក្បាល និង​គោ ៣ ០០០ ក្បាល ពី​ហ្វូង​សត្វ​របស់​ស្ដេច​ផ្ទាល់ ដើម្បី​ថ្វាយ​ជា​យញ្ញ‌បូជា​ក្នុង​ពិធី​បុណ្យ​ចម្លង​សម្រាប់​ប្រជា‌ជន​ដែល​នៅ​ទី​នោះ។

8. ពួក​មន្ត្រី​របស់​ស្ដេច​ក៏​ស្ម័គ្រ​ចិត្ត​យក​សត្វ​របស់​ខ្លួន​ប្រគល់​ជូន​ប្រជា‌ជន ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​ដែរ។ លោក​ហ៊ីល‌គីយ៉ា លោក​សាកា‌រី និង​លោក​យេហ៊ី‌អែល ជា​អ្នក​ទទួល​ខុស​ត្រូវ​កិច្ចការ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ យក​ចៀម ២ ៦០០ ក្បាល ព្រម​ទាំង​គោ ៣០០ ក្បាល ប្រគល់​ជូន​ក្រុម​បូជា‌ចារ្យ សម្រាប់​ពិធី​បុណ្យ​ចម្លង។

9. លោក​កូណា‌នា លោក​សេម៉ាយ៉ា និង​លោក​នេថា‌នេល ជា​ប្អូន​របស់​លោក ព្រម​ទាំង​លោក​ហាសាប‌យ៉ា លោក​យី‌អែល និង​លោក​យ៉ូសា‌បាដ ជា​អ្នក​ដឹក​នាំ​ក្រុម​លេវី យក​ចៀម ៥ ០០០ ក្បាល ព្រម​ទាំង​គោ ៥០០ ក្បាល ប្រគល់​ជូន​ក្រុម​លេវី សម្រាប់​ពិធី​បុណ្យ​ចម្លង។

10. ពិធី​បុណ្យ​ចាប់​ផ្ដើម​ដូច​ត​ទៅ: ក្រុម​បូជា‌ចារ្យ​ឈរ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន ហើយ​ក្រុម​លេវី​ក៏​ឈរ​តាម​ជាន់​ថ្នាក់​របស់​ខ្លួន ស្រប​តាម​បញ្ជា​របស់​ស្ដេច។

11. គេ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​ក្នុង​ឱកាស​បុណ្យ​ចម្លង។ ក្រុម​លេវី​ប្រគល់​ឈាម​សត្វ​ទៅ​ក្រុម​បូជា‌ចារ្យ ហើយ​បូជា‌ចារ្យ​ក៏​ធ្វើ​ពិធី​ប្រោះ​ឈាម​នោះ​នៅ​លើ​អាសនៈ។ បន្ទាប់​មក ក្រុម​លេវី​នាំ​គ្នា​បក​ស្បែក​សត្វ។

២ របាក្សត្រ 35