២ របាក្សត្រ 35:20-27 Khmer Standard Version (KHSV)

20. ក្រោយ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​មក គឺ​ក្រោយ​ពេល​ព្រះ‌បាទ​យ៉ូ‌សៀស​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រះ‌ចៅ​នេកោ ជា​ស្ដេច​ស្រុក​អេស៊ីប បាន​លើក​ទ័ព​ទៅ​វាយ​ក្រុង​កើ‌កេ‌មីស នៅ​តាម​ដង​ទន្លេ​អឺប្រាត ព្រះ‌បាទ​យ៉ូ‌សៀស​បាន​លើក​ទ័ព​មក​វាយ​ស្ទាក់​ផ្លូវ។

21. ប៉ុន្តែ ព្រះចៅ​នេ‌កោ​ចាត់​អ្នក​នាំ​សារ​ឲ្យ​មក​ទូល​ព្រះ‌បាទ​យ៉ូ‌សៀស​ថា៖ «បពិត្រ​ព្រះ‌មហា‌ក្សត្រ​ស្រុក​យូដា តើ​ទូលបង្គំ និង​ព្រះ‌ករុណា​មាន​រឿង​អ្វី​នឹង​គ្នា? ទូលបង្គំ​លើក​ទ័ព​មក​ថ្ងៃ​នេះ មិន​មែន​ដើម្បី​ច្បាំង​នឹង​ព្រះ‌ករុណា​ទេ គឺ​ទូលបង្គំ​ទៅ​ច្បាំង​ជា​មួយ​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ទេ​តើ។ ព្រះ‌ជាម្ចាស់​បង្គាប់​ទូលបង្គំ​ឲ្យ​ទៅ​យ៉ាង​រូត‌រះ។ ដូច្នេះ សូម​កុំ​ជំទាស់​នឹង​ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​ជា​មួយ​ទូលបង្គំ​ឡើយ ក្រែង​លោ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្រះ‌ករុណា​វិនាស»។

22. ប៉ុន្តែ ព្រះ‌បាទ​យ៉ូ‌សៀស​នៅ​តែ​ចង់​តទល់​នឹង​ព្រះ‌ចៅ​នេ‌កោ គឺ​ស្ដេច​មិន​ព្រម​ស្ដាប់​ពាក្យ​របស់​ព្រះ‌ចៅ​នេ‌កោ ដែល​ជា​ពាក្យ​មក​ពី​ព្រះ‌ជាម្ចាស់​ឡើយ។ ស្ដេច​ក៏​ក្លែង​ខ្លួន​ចូល​ច្បាំង​នឹង​ស្ដេច​ស្រុក​អេស៊ីប នៅ​ជ្រលង​ភ្នំ​មេគី‌ដោ។

23. ទាហាន​បាញ់​ព្រួញ​របស់​ទ័ព​អេស៊ីប​បាន​បាញ់​ចំ​ព្រះ‌បាទ​យ៉ូ‌សៀស។ ស្ដេច​បញ្ជា​ទៅ​រាជ​បម្រើ​ថា៖ «ចូរ​នាំ​យើង​ចេញ​ទៅ ដ្បិត​យើង​ត្រូវ​របួស​ខ្លាំង​ណាស់»។

24. រាជ​បម្រើ​លើក​ស្ដេច​ចេញ​ពី​រាជ‌រថ​ដែល​ស្ដេច​ជិះ ដាក់​ក្នុង​រាជ‌រថ​មួយ​ទៀត ដឹក​ទៅ​ក្រុង​យេរូ‌សាឡឹម។ ស្ដេច​ក៏​សោយ​ទិវង្គត ហើយ​គេ​បញ្ចុះ​សព​ស្ដេច​ក្នុង​ផ្នូរ​របស់​ព្រះ‌រាជ‌វង្ស។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល នាំ​គ្នា​កាន់​ទុក្ខ​ព្រះ‌បាទ​យ៉ូ‌សៀស។

25. លោក​យេរេមា​បាន​តែង​បទ​ទំនួញ​មួយ រំឭក​ដល់​ព្រះ‌បាទ​យ៉ូ‌សៀស។ អ្នក​ចម្រៀង​ប្រុស​ស្រី​នាំ​គ្នា​ស្មូត្រ​ទំនួញ​រំឭក​ដល់​ព្រះ‌បាទ​យ៉ូ‌សៀស រហូត​ដល់​សព្វ​ថ្ងៃ ហើយ​ក៏​ក្លាយ​ជា​ទំនៀម‌ទម្លាប់​មួយ​នៅ​ស្រុក​អ៊ីស្រា‌អែល។ ទំនុក​នេះ​មាន​ចង​ក្រង​នៅ​ក្នុង​សៀវភៅ​ទំនួញ។

26. រាជ‌កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​យ៉ូ‌សៀស និង​ភក្ដី‌ភាព​ដែល​ស្ដេច​សម្តែង​ចំពោះ​ព្រះ‌បន្ទូល​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់

27. គឺ​កិច្ចការ​ផ្សេងៗ​ដែល​ស្ដេច​បាន​ធ្វើ​តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល និង​ស្ដេច​ស្រុក​យូដា។

២ របាក្សត្រ 35