២ របាក្សត្រ 35:13-20 Khmer Standard Version (KHSV)

13. គេ​អាំង​សាច់​កូន​ចៀម​ដែល​ថ្វាយ​សម្រាប់​ពិធី​បុណ្យ​ចម្លង​នៅ​លើ​ភ្លើង ស្រប​តាម​វិន័យ រីឯ​ចំណែក​សាច់​ដ៏​សក្ការៈ​វិញ គេ​ចំអិន​ក្នុង​ឆ្នាំង ថ្លាង និង​ខ្ទះ រួច​ប្រញាប់‌ប្រញាល់​ចែក​ជូន​ប្រជា‌ជន​ទាំង​អស់។

14. បន្ទាប់​មក ក្រុម​លេវី​ចំអិន​សាច់​ដែល​ជា​ចំណែក​របស់​ពួក​គេ និង​ចំណែក​របស់​ក្រុម​បូជា‌ចារ្យ ដ្បិត​ក្រុម​បូជា‌ចារ្យ​ជាប់​រវល់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​ខ្លាញ់​រហូត​ដល់​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុម​លេវី​រៀបចំ​អាហារ​សម្រាប់​ខ្លួន​ឯង​ផង និង​សម្រាប់​ក្រុម​បូជា‌ចារ្យ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន​ផង។

15. ក្រុម​ចម្រៀង ជា​ពូជ‌ពង្ស​របស់​លោក​អេ‌សាភ បំពេញ​មុខ‌ងារ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន ដូច​ព្រះ‌បាទ​ដាវីឌ លោក​អេ‌សាភ លោក​ហេ‌ម៉ាន និង​លោក​យេឌូ‌ថិន ជា​គ្រូ​ទាយ​របស់​ស្ដេច បាន​បង្គាប់​ទុក។ រីឯ​ឆ្មាំ​ទ្វារ​ក៏​ឈរ​នៅ​តាម​កន្លែង​របស់​ខ្លួន​ដែរ គ្មាន​នរណា​ចាក​ចេញ​ពី​កន្លែង​របស់​ខ្លួន​ឡើយ ព្រោះ​ក្រុម​លេវី​រៀប‌ចំ​អាហារ​ជូន​ពួក​គេ។

16. នៅ​ថ្ងៃ​នោះ គេ​បាន​ចាត់​ចែង​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌អម្ចាស់​តាម​របៀប​នេះ​ឯង គឺ​គេ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ចម្លង ដោយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ‌អម្ចាស់ នៅ​លើ​អាសនៈ ស្រប​តាម​បញ្ជា​របស់​ព្រះ‌បាទ​យ៉ូ‌សៀស។

17. ប្រជា‌ជន​អ៊ីស្រា‌អែល​ដែល​នៅ​ទី​នោះ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង និង​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

18. តាំង​ពី​ជំនាន់​ព្យាកា‌រី​សាំយូ‌អែល គេ​មិន​ដែល​ប្រារព្ធ​បុណ្យ​ចម្លង​របៀប​នេះ​នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ ហើយ​ក៏​ពុំ​មាន​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​អង្គ​ណា ប្រារព្ធ​បុណ្យ​ចម្លង​ដូច​ព្រះ‌បាទ​យ៉ូ‌សៀស ក្រុម​បូជា‌ចារ្យ ក្រុម​លេវី រួម​ជា​មួយ​នឹង​អ្នក​ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល ព្រម​ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម នៅ​ពេល​នោះ​ដែរ។

19. គេ​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​នេះ​នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូ‌សៀស។

20. ក្រោយ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​មក គឺ​ក្រោយ​ពេល​ព្រះ‌បាទ​យ៉ូ‌សៀស​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រះ‌ចៅ​នេកោ ជា​ស្ដេច​ស្រុក​អេស៊ីប បាន​លើក​ទ័ព​ទៅ​វាយ​ក្រុង​កើ‌កេ‌មីស នៅ​តាម​ដង​ទន្លេ​អឺប្រាត ព្រះ‌បាទ​យ៉ូ‌សៀស​បាន​លើក​ទ័ព​មក​វាយ​ស្ទាក់​ផ្លូវ។

២ របាក្សត្រ 35