11. គេសម្លាប់សត្វដែលត្រូវថ្វាយក្នុងឱកាសបុណ្យចម្លង។ ក្រុមលេវីប្រគល់ឈាមសត្វទៅក្រុមបូជាចារ្យ ហើយបូជាចារ្យក៏ធ្វើពិធីប្រោះឈាមនោះនៅលើអាសនៈ។ បន្ទាប់មក ក្រុមលេវីនាំគ្នាបកស្បែកសត្វ។
12. គេដាក់សាច់ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូលដោយឡែក សម្រាប់ប្រគល់ទៅក្រុមគ្រួសារផ្សេងៗរបស់ប្រជាជន ដើម្បីឲ្យពួកគេថ្វាយព្រះអម្ចាស់ ដូចមានចែងទុកក្នុងគម្ពីររបស់លោកម៉ូសេ។ ចំពោះសាច់គោក៏គេធ្វើដូច្នោះដែរ។
13. គេអាំងសាច់កូនចៀមដែលថ្វាយសម្រាប់ពិធីបុណ្យចម្លងនៅលើភ្លើង ស្របតាមវិន័យ រីឯចំណែកសាច់ដ៏សក្ការៈវិញ គេចំអិនក្នុងឆ្នាំង ថ្លាង និងខ្ទះ រួចប្រញាប់ប្រញាល់ចែកជូនប្រជាជនទាំងអស់។
14. បន្ទាប់មក ក្រុមលេវីចំអិនសាច់ដែលជាចំណែករបស់ពួកគេ និងចំណែករបស់ក្រុមបូជាចារ្យ ដ្បិតក្រុមបូជាចារ្យជាប់រវល់ថ្វាយតង្វាយដុតទាំងមូល និងខ្លាញ់រហូតដល់យប់។ ហេតុនេះហើយបានជាក្រុមលេវីរៀបចំអាហារសម្រាប់ខ្លួនឯងផង និងសម្រាប់ក្រុមបូជាចារ្យ ដែលជាពូជពង្សរបស់លោកអើរ៉ុនផង។
15. ក្រុមចម្រៀង ជាពូជពង្សរបស់លោកអេសាភ បំពេញមុខងារតាមកន្លែងរបស់គេរៀងៗខ្លួន ដូចព្រះបាទដាវីឌ លោកអេសាភ លោកហេម៉ាន និងលោកយេឌូថិន ជាគ្រូទាយរបស់ស្ដេច បានបង្គាប់ទុក។ រីឯឆ្មាំទ្វារក៏ឈរនៅតាមកន្លែងរបស់ខ្លួនដែរ គ្មាននរណាចាកចេញពីកន្លែងរបស់ខ្លួនឡើយ ព្រោះក្រុមលេវីរៀបចំអាហារជូនពួកគេ។
16. នៅថ្ងៃនោះ គេបានចាត់ចែងពិធីបុណ្យថ្វាយព្រះអម្ចាស់តាមរបៀបនេះឯង គឺគេប្រារព្ធធ្វើពិធីបុណ្យចម្លង ដោយថ្វាយតង្វាយដុតទាំងមូលចំពោះព្រះអម្ចាស់ នៅលើអាសនៈ ស្របតាមបញ្ជារបស់ព្រះបាទយ៉ូសៀស។
17. ប្រជាជនអ៊ីស្រាអែលដែលនៅទីនោះ នាំគ្នាប្រារព្ធពិធីបុណ្យចម្លង និងពិធីបុណ្យនំបុ័ងឥតមេ អស់រយៈពេលប្រាំពីរថ្ងៃ។
18. តាំងពីជំនាន់ព្យាការីសាំយូអែល គេមិនដែលប្រារព្ធបុណ្យចម្លងរបៀបនេះនៅស្រុកអ៊ីស្រាអែលទេ ហើយក៏ពុំមានស្ដេចស្រុកអ៊ីស្រាអែលអង្គណា ប្រារព្ធបុណ្យចម្លងដូចព្រះបាទយ៉ូសៀស ក្រុមបូជាចារ្យ ក្រុមលេវី រួមជាមួយនឹងអ្នកស្រុកយូដា និងស្រុកអ៊ីស្រាអែល ព្រមទាំងអ្នកក្រុងយេរូសាឡឹម នៅពេលនោះដែរ។
19. គេប្រារព្ធពិធីបុណ្យចម្លងនេះនៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយ៉ូសៀស។
20. ក្រោយព្រឹត្តិការណ៍ទាំងនោះមក គឺក្រោយពេលព្រះបាទយ៉ូសៀសជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះចៅនេកោ ជាស្ដេចស្រុកអេស៊ីប បានលើកទ័ពទៅវាយក្រុងកើកេមីស នៅតាមដងទន្លេអឺប្រាត ព្រះបាទយ៉ូសៀសបានលើកទ័ពមកវាយស្ទាក់ផ្លូវ។
21. ប៉ុន្តែ ព្រះចៅនេកោចាត់អ្នកនាំសារឲ្យមកទូលព្រះបាទយ៉ូសៀសថា៖ «បពិត្រព្រះមហាក្សត្រស្រុកយូដា តើទូលបង្គំ និងព្រះករុណាមានរឿងអ្វីនឹងគ្នា? ទូលបង្គំលើកទ័ពមកថ្ងៃនេះ មិនមែនដើម្បីច្បាំងនឹងព្រះករុណាទេ គឺទូលបង្គំទៅច្បាំងជាមួយខ្មាំងសត្រូវរបស់ទូលបង្គំទេតើ។ ព្រះជាម្ចាស់បង្គាប់ទូលបង្គំឲ្យទៅយ៉ាងរូតរះ។ ដូច្នេះ សូមកុំជំទាស់នឹងព្រះជាម្ចាស់ដែលគង់នៅជាមួយទូលបង្គំឡើយ ក្រែងលោព្រះអង្គធ្វើឲ្យព្រះករុណាវិនាស»។
22. ប៉ុន្តែ ព្រះបាទយ៉ូសៀសនៅតែចង់តទល់នឹងព្រះចៅនេកោ គឺស្ដេចមិនព្រមស្ដាប់ពាក្យរបស់ព្រះចៅនេកោ ដែលជាពាក្យមកពីព្រះជាម្ចាស់ឡើយ។ ស្ដេចក៏ក្លែងខ្លួនចូលច្បាំងនឹងស្ដេចស្រុកអេស៊ីប នៅជ្រលងភ្នំមេគីដោ។
23. ទាហានបាញ់ព្រួញរបស់ទ័ពអេស៊ីបបានបាញ់ចំព្រះបាទយ៉ូសៀស។ ស្ដេចបញ្ជាទៅរាជបម្រើថា៖ «ចូរនាំយើងចេញទៅ ដ្បិតយើងត្រូវរបួសខ្លាំងណាស់»។