២ របាក្សត្រ 35:11-15 Khmer Standard Version (KHSV)

11. គេ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​ក្នុង​ឱកាស​បុណ្យ​ចម្លង។ ក្រុម​លេវី​ប្រគល់​ឈាម​សត្វ​ទៅ​ក្រុម​បូជា‌ចារ្យ ហើយ​បូជា‌ចារ្យ​ក៏​ធ្វើ​ពិធី​ប្រោះ​ឈាម​នោះ​នៅ​លើ​អាសនៈ។ បន្ទាប់​មក ក្រុម​លេវី​នាំ​គ្នា​បក​ស្បែក​សត្វ។

12. គេ​ដាក់​សាច់​ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដោយ​ឡែក សម្រាប់​ប្រគល់​ទៅ​ក្រុម​គ្រួសារ​ផ្សេងៗ​របស់​ប្រជា‌ជន ដើម្បី​ឲ្យ​ពួក​គេ​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ។ ចំពោះ​សាច់​គោ​ក៏​គេ​ធ្វើ​ដូច្នោះ​ដែរ។

13. គេ​អាំង​សាច់​កូន​ចៀម​ដែល​ថ្វាយ​សម្រាប់​ពិធី​បុណ្យ​ចម្លង​នៅ​លើ​ភ្លើង ស្រប​តាម​វិន័យ រីឯ​ចំណែក​សាច់​ដ៏​សក្ការៈ​វិញ គេ​ចំអិន​ក្នុង​ឆ្នាំង ថ្លាង និង​ខ្ទះ រួច​ប្រញាប់‌ប្រញាល់​ចែក​ជូន​ប្រជា‌ជន​ទាំង​អស់។

14. បន្ទាប់​មក ក្រុម​លេវី​ចំអិន​សាច់​ដែល​ជា​ចំណែក​របស់​ពួក​គេ និង​ចំណែក​របស់​ក្រុម​បូជា‌ចារ្យ ដ្បិត​ក្រុម​បូជា‌ចារ្យ​ជាប់​រវល់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​ខ្លាញ់​រហូត​ដល់​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុម​លេវី​រៀបចំ​អាហារ​សម្រាប់​ខ្លួន​ឯង​ផង និង​សម្រាប់​ក្រុម​បូជា‌ចារ្យ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន​ផង។

15. ក្រុម​ចម្រៀង ជា​ពូជ‌ពង្ស​របស់​លោក​អេ‌សាភ បំពេញ​មុខ‌ងារ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន ដូច​ព្រះ‌បាទ​ដាវីឌ លោក​អេ‌សាភ លោក​ហេ‌ម៉ាន និង​លោក​យេឌូ‌ថិន ជា​គ្រូ​ទាយ​របស់​ស្ដេច បាន​បង្គាប់​ទុក។ រីឯ​ឆ្មាំ​ទ្វារ​ក៏​ឈរ​នៅ​តាម​កន្លែង​របស់​ខ្លួន​ដែរ គ្មាន​នរណា​ចាក​ចេញ​ពី​កន្លែង​របស់​ខ្លួន​ឡើយ ព្រោះ​ក្រុម​លេវី​រៀប‌ចំ​អាហារ​ជូន​ពួក​គេ។

២ របាក្សត្រ 35