6. ស្ដេចក៏បានរំលំអាសនៈ នៅតាមក្រុងនានានៃទឹកដីម៉ាណាសេ អេប្រាអ៊ីម និងស៊ីម្មាន រហូតដល់ទឹកដីណែបថាលី ព្រមទាំងកន្លែងបាក់បែកនៅតំបន់ជុំវិញនោះផង។
7. ស្ដេចកម្ទេចបង្គោលរបស់ព្រះអាសេរ៉ា និងរូបបដិមា ឲ្យទៅជាធូលីដី ហើយកម្ទេចស្កាកសម្រាប់ដុតគ្រឿងក្រអូប នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល រួចស្ដេចយាងទៅក្រុងយេរូសាឡឹមវិញ។
8. នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលរបស់ស្ដេច គឺនៅគ្រាដែលស្ដេចកំពុងតែជម្រះស្រុក និងព្រះវិហារ ឲ្យបានបរិសុទ្ធ ព្រះបាទយ៉ូសៀសចាត់លោកសាផាន ជាកូនរបស់លោកអសាលា លោកម៉ាសេយ៉ា ជាអភិបាលក្រុង ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកយ៉ូអាហាស និងជាស្មៀនហ្លួង ឲ្យទៅជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះរបស់ស្ដេច។
9. លោកទាំងនោះក៏ទៅជួបលោកមហាបូជាចារ្យ*ហ៊ីលគីយ៉ា។ គេយកប្រាក់ដែលប្រជាជនថ្វាយសម្រាប់ព្រះដំណាក់មក គឺប្រាក់ដែលក្រុមលេវី ជាឆ្មាំទ្វារ បានទទួលពីប្រជាជននៃកុលសម្ព័ន្ធម៉ាណាសេ អេប្រាអ៊ីម និងកុលសម្ព័ន្ធឯទៀតៗនៃជនជាតិអ៊ីស្រាអែល ព្រមទាំងប្រជាជនពីកុលសម្ព័ន្ធយូដា បេនយ៉ាមីន និងអ្នកក្រុងយេរូសាឡឹម។
10. គេប្រគល់ប្រាក់នោះទៅពួកមេជាង ដែលទទួលខុសត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីបង់ថ្លៃឈ្នួលពួកកម្មករដែលជួសជុលព្រះដំណាក់ឲ្យបានរឹងមាំឡើងវិញ
11. គឺមានពួកជាងឈើ ជាងសំណង់ និងសម្រាប់ទិញថ្មដាប់ និងឈើ សម្រាប់ប្រើជាធ្នឹម ផ្លាន ហើយសម្រាប់ជួសជុលអាគារផ្សេងៗ ដែលស្ដេចស្រុកយូដាជំនាន់មុនៗបានបំផ្លាញ។
12. មេជាងទាំងនោះធ្វើការដោយចិត្តស្មោះបំផុត។ ពួកគេធ្វើការក្រោមបញ្ជារបស់លោកយ៉ាហាត់ និងលោកអូបាឌា ជាក្រុមលេវី មកពីអំបូរម៉្រារី។ លោកសាការី និងលោកមស៊ូឡាម ជាក្រុមលេវីមកពីអំបូរកេហាត់ ជាអ្នកត្រួតពិនិត្យលើការសាងសង់។ ពួកលេវីទាំងនេះសុទ្ធតែជាតន្ត្រីករយ៉ាងជំនាញ។
13. ពួកគេក៏មានភារកិច្ចមើលខុសត្រូវអ្នកលីសែង ព្រមទាំងកម្មករដែលធ្វើការងារឯទៀតៗដែរ។ ពួកលេវីមួយចំនួនទៀតបំពេញមុខងារជាស្មៀន រាជការ និងជាឆ្មាំព្រះដំណាក់។
14. ពេលគេយកប្រាក់ ដែលប្រជាជនថ្វាយជាតង្វាយសម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ចេញមក នោះលោកមហាបូជាចារ្យហ៊ីលគីយ៉ារកឃើញគម្ពីរវិន័យ ដែលព្រះអម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេ។
15. លោកហ៊ីលគីយ៉ាមានប្រសាសន៍ទៅកាន់លោកសាផាន ជាស្មៀនហ្លួងថា៖ «ខ្ញុំបានរកឃើញគម្ពីរវិន័យនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់!»។ លោកហ៊ីលគីយ៉ាជូនគម្ពីរនោះទៅលោកសាផាន។
16. លោកសាផានក៏យកគម្ពីរទៅថ្វាយស្ដេច ហើយទូលរៀបរាប់ដូចតទៅ៖ «យើងខ្ញុំធ្វើតាមរាជបញ្ជាទាំងប៉ុន្មានរបស់ព្រះករុណា។
17. គេបានប្រគល់ប្រាក់តង្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ទៅឲ្យពួកមេជាង ព្រមទាំងពួកកម្មកររួចស្រេចហើយ»។
18. លោកសាផាន ជាស្មៀនហ្លួង ទូលស្ដេចទៀតថា៖ «លោកបូជាចារ្យហ៊ីលគីយ៉ាបានប្រគល់គម្ពីរមួយច្បាប់ឲ្យទូលបង្គំ» រួចលោកក៏អានថ្វាយព្រះរាជាស្ដាប់។
19. កាលព្រះរាជាឮសេចក្ដីទាំងប៉ុន្មានដែលមានចែងក្នុងក្រឹត្យវិន័យ ស្ដេចក៏ហែកព្រះភូសា។