3. នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្ដេច ក្នុងគ្រាដែលស្ដេចនៅក្មេងនៅឡើយ ព្រះបាទយ៉ូសៀសចាប់ផ្ដើមស្វែងរកព្រះរបស់ព្រះបាទដាវីឌ ជាអយ្យកោ។ នៅឆ្នាំទីដប់ពីរ ស្ដេចលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងបង្គោលរបស់ព្រះអាសេរ៉ា រូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យអស់ពីស្រុកយូដា និងក្រុងយេរូសាឡឹម។
4. គេបានរំលំអាសនៈរបស់ព្រះបាលនៅចំពោះព្រះភ័ក្ត្រស្ដេច ហើយកម្ទេចស្កាកសម្រាប់ដុតគ្រឿងក្រអូប ដែលស្ថិតនៅលើនោះផង។ ស្ដេចបានបំបាក់បង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងកម្ទេចរូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យក្លាយទៅជាធូលី រួចយកទៅចាក់លើផ្នូររបស់អស់អ្នកដែលបានធ្វើយញ្ញបូជានៅមុខរូបទាំងនោះ។
5. ស្ដេចដុតធាតុរបស់ពួកបូជាចារ្យនៃព្រះដទៃ នៅលើអាសនៈរបស់គេ។ ស្ដេចធ្វើដូច្នេះ ដើម្បីជម្រះស្រុកយូដា និងក្រុងយេរូសាឡឹមឲ្យបានបរិសុទ្ធ*។
6. ស្ដេចក៏បានរំលំអាសនៈ នៅតាមក្រុងនានានៃទឹកដីម៉ាណាសេ អេប្រាអ៊ីម និងស៊ីម្មាន រហូតដល់ទឹកដីណែបថាលី ព្រមទាំងកន្លែងបាក់បែកនៅតំបន់ជុំវិញនោះផង។
7. ស្ដេចកម្ទេចបង្គោលរបស់ព្រះអាសេរ៉ា និងរូបបដិមា ឲ្យទៅជាធូលីដី ហើយកម្ទេចស្កាកសម្រាប់ដុតគ្រឿងក្រអូប នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល រួចស្ដេចយាងទៅក្រុងយេរូសាឡឹមវិញ។
8. នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលរបស់ស្ដេច គឺនៅគ្រាដែលស្ដេចកំពុងតែជម្រះស្រុក និងព្រះវិហារ ឲ្យបានបរិសុទ្ធ ព្រះបាទយ៉ូសៀសចាត់លោកសាផាន ជាកូនរបស់លោកអសាលា លោកម៉ាសេយ៉ា ជាអភិបាលក្រុង ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកយ៉ូអាហាស និងជាស្មៀនហ្លួង ឲ្យទៅជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះរបស់ស្ដេច។