21. «សូមអស់លោកអញ្ជើញទៅទូលសួរព្រះអម្ចាស់ឲ្យយើង និងប្រជាជនដែលនៅសេសសល់ ក្នុងស្រុកអ៊ីស្រាអែល និងយូដា ពីសេចក្ដីទាំងប៉ុន្មានក្នុងគម្ពីរដែលទើបរកឃើញនេះផង។ ព្រះអម្ចាស់មុខជាព្រះពិរោធនឹងយើងខ្លាំងណាស់ ដ្បិតពួកដូនតារបស់យើងមិនបានកាន់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដើម្បីប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនេះទេ»។
22. លោកបូជាចារ្យហ៊ីលគីយ៉ា និងអស់លោកដែលព្រះរាជាចាត់ឲ្យទៅ បាននាំគ្នាទៅជួបព្យាការិនីហ៊ូលដាជាភរិយារបស់លោកសាលូម ជាកូនរបស់លោកកូនធីកវ៉ា ជាចៅរបស់លោកហារហាស និងជាអ្នកថែរក្សាសម្លៀកបំពាក់បូជាចារ្យ។ នាងរស់នៅក្នុងសង្កាត់ថ្មីនៃក្នុងក្រុងយេរូសាឡឹម។ លោកទាំងនោះជម្រាបព្យាការិនីតាមដំណើររឿង។
23. ព្យាការិនីមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ចូរប្រាប់មនុស្សដែលគេចាត់ឲ្យមករកយើងថា
24. ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងនេះ ព្រមទាំងប្រជាជន ស្របតាមបណ្ដាសាទាំងប៉ុន្មាន ដូចមានចែងទុកក្នុងគម្ពីរ ដែលគេបានអាននៅចំពោះមុខស្ដេចស្រុកយូដា។
25. ដោយពួកគេបានបោះបង់ចោលយើង ហើយដុតគ្រឿងក្រអូបថ្វាយព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់អោនបានឡើយ!
26. ប៉ុន្តែ ចូរទៅប្រាប់ស្ដេចស្រុកយូដា ដែលចាត់អស់លោកឲ្យមកទូលសួរព្រះអម្ចាស់ថា ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ: អ្នកបានស្ដាប់ឮសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនេះហើយ។
27. ពេលអ្នកឮសេចក្ដីដែលយើងថ្លែងទាស់នឹងក្រុងយេរូសាឡឹម ព្រមទាំងទាស់នឹងប្រជាជននៅក្រុងនេះ អ្នកក៏បានបើកចិត្តទទួល ហើយដាក់ខ្លួននៅចំពោះមុខយើង ទាំងហែកសម្លៀកបំពាក់យំសោក ដូច្នេះ យើងក៏ស្ដាប់អ្នកដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
28. យើងនឹងឲ្យអ្នកទៅជួបជុំដូនតារបស់អ្នក អ្នកនឹងចែកស្ថានទៅដោយសុខសាន្ត គេនឹងបញ្ចុះសពអ្នក។ អ្នកនឹងពុំឃើញទុក្ខវេទនាទាំងប៉ុន្មានដែលយើងនឹងធ្វើឲ្យកើតមានដល់ទីក្រុង និងប្រជាជននេះឡើយ»។ ពួករាជបម្រើក៏នាំយកចម្លើយនេះទៅទូលស្ដេចវិញ។
29. ព្រះរាជាចាត់គេឲ្យទៅអញ្ជើញអស់លោកព្រឹទ្ធាចារ្យនៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមមកគាល់។
30. បន្ទាប់មក ស្ដេចយាងទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់ ជាមួយប្រជាជនទាំងអស់នៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល គឺមានអស់លោកបូជាចារ្យ ក្រុមលេវី និងប្រជាជនទាំងអស់ គ្រប់ជាន់ថ្នាក់។ ព្រះរាជាអានព្រះបន្ទូលទាំងប៉ុន្មាន ក្នុងគម្ពីរសម្ពន្ធមេត្រី ដែលគេរកឃើញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យប្រជាជនស្ដាប់។
31. ព្រះរាជាឈរនៅកន្លែងរបស់ស្ដេច នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយចងសម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ ដោយសន្យាថា សុខចិត្តដើរតាមព្រះអម្ចាស់ និងកាន់តាមបទបញ្ជា ដំបូន្មាន និងក្រឹត្យវិន័យរបស់ព្រះអង្គ ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីប្រព្រឹត្តតាមសេចក្ដីក្នុងសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគម្ពីរនេះ។