17. ប្រជាជននៅតែធ្វើយញ្ញបូជានៅកន្លែងសក្ការៈតាមទួលខ្ពស់ៗដដែល តែគេឧទ្ទិសយញ្ញបូជានោះថ្វាយព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។
18. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទម៉ាណាសេ ព្រមទាំងពាក្យដែលស្ដេចអធិស្ឋានដល់ព្រះរបស់ស្ដេច និងពាក្យដែលគ្រូទាយថ្លែងប្រាប់ស្ដេច ក្នុងនាមព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់ស្ដេចស្រុកអ៊ីស្រាអែល។
19. រីឯពាក្យដែលស្ដេចអធិស្ឋាន និងរបៀបដែលព្រះជាម្ចាស់ឆ្លើយតបមកវិញ ព្រមទាំងអំពើបាប និងចិត្តមិនស្មោះត្រង់របស់ស្ដេច កន្លែងផ្សេងៗដែលស្ដេចសង់ទីសក្ការៈតាមទួលខ្ពស់ៗ ហើយសង់បង្គោលរបស់ព្រះអាសេរ៉ា និងរូបបដិមា មុនពេលដែលស្ដេចសារភាពអំពើបាបនោះ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់លោកហូសាយ។
20. កាលព្រះបាទម៉ាណាសេសោយទិវង្គត គេបានបញ្ចុះសពរបស់ស្ដេចនៅក្នុងរាជវាំង ហើយព្រះបាទអាំម៉ូន ជាបុត្រ បានឡើងស្នងរាជ្យ។
21. កាលព្រះបាទអាំម៉ូនឡើងសោយរាជ្យ ស្ដេចមានជន្មាយុម្ភៃពីរព្រះវស្សា ហើយសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡឹម។
22. ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទម៉ាណាសេ ជាបិតា។ ស្ដេចថ្វាយយញ្ញបូជាដល់រូបបដិមាទាំងប៉ុន្មាន ដែលព្រះបាទម៉ាណាសេ ជាបិតា បានសូនធ្វើ ព្រមទាំងគោរពបម្រើរូបទាំងនោះទៀតផង។