12. នៅពេលមានទុក្ខទោសដូច្នេះ ស្ដេចបានអង្វរករព្រះអម្ចាស់ ជាព្រះរបស់ស្ដេច ហើយសារភាពកំហុសយ៉ាងអស់ពីចិត្ត នៅចំពោះព្រះនៃអយ្យកោរបស់ស្ដេច។
13. ស្ដេចទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ និងឆ្លើយតបចំពោះពាក្យដែលស្ដេចទូលអង្វរ ដោយប្រោសប្រទានឲ្យស្ដេចវិលត្រឡប់មកគ្រងរាជ្យ នៅក្រុងយេរូសាឡឹមវិញ។ ចាប់ពីពេលនោះមក ព្រះបាទម៉ាណាសេទទួលស្គាល់ថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន។
14. បន្ទាប់មក ស្ដេចបានសង់កំពែងពីក្រៅបុរីព្រះបាទដាវីឌ គឺនៅខាងលិចប្រភពទឹកគីហូន ក្នុងជ្រលងភ្នំ រហូតដល់ច្រកចូលទ្វារមច្ឆា។ កំពែងនេះព័ទ្ធខាងក្រៅអូផែល ហើយស្ដេចបានសង់យ៉ាងខ្ពស់។ ស្ដេចក៏បានតែងតាំងមេបញ្ជាការកងទ័ពនៅតាមក្រុងនានា ដែលមានកំពែងរឹងមាំក្នុងស្រុកយូដា។
15. ស្ដេចបានយកព្រះដទៃ ព្រមទាំងរូបចម្លាក់ចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ ហើយស្ដេចក៏យកអាសនៈទាំងប៉ុន្មានដែលស្ដេចបានសង់នៅលើភ្នំនៃព្រះដំណាក់របស់ព្រះអម្ចាស់ ទៅបោះចោលខាងក្រៅទីក្រុងដែរ។
16. ស្ដេចបានសង់អាសនៈរបស់ព្រះអម្ចាស់ឡើងវិញ រួចថ្វាយយញ្ញបូជាមេត្រីភាព* និងយញ្ញបូជាអរព្រះគុណ។ ស្ដេចបង្គាប់ឲ្យអ្នកស្រុកយូដាគោរពបម្រើព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។
17. ប្រជាជននៅតែធ្វើយញ្ញបូជានៅកន្លែងសក្ការៈតាមទួលខ្ពស់ៗដដែល តែគេឧទ្ទិសយញ្ញបូជានោះថ្វាយព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។
18. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទម៉ាណាសេ ព្រមទាំងពាក្យដែលស្ដេចអធិស្ឋានដល់ព្រះរបស់ស្ដេច និងពាក្យដែលគ្រូទាយថ្លែងប្រាប់ស្ដេច ក្នុងនាមព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់ស្ដេចស្រុកអ៊ីស្រាអែល។
19. រីឯពាក្យដែលស្ដេចអធិស្ឋាន និងរបៀបដែលព្រះជាម្ចាស់ឆ្លើយតបមកវិញ ព្រមទាំងអំពើបាប និងចិត្តមិនស្មោះត្រង់របស់ស្ដេច កន្លែងផ្សេងៗដែលស្ដេចសង់ទីសក្ការៈតាមទួលខ្ពស់ៗ ហើយសង់បង្គោលរបស់ព្រះអាសេរ៉ា និងរូបបដិមា មុនពេលដែលស្ដេចសារភាពអំពើបាបនោះ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់លោកហូសាយ។
20. កាលព្រះបាទម៉ាណាសេសោយទិវង្គត គេបានបញ្ចុះសពរបស់ស្ដេចនៅក្នុងរាជវាំង ហើយព្រះបាទអាំម៉ូន ជាបុត្រ បានឡើងស្នងរាជ្យ។
21. កាលព្រះបាទអាំម៉ូនឡើងសោយរាជ្យ ស្ដេចមានជន្មាយុម្ភៃពីរព្រះវស្សា ហើយសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡឹម។
22. ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទម៉ាណាសេ ជាបិតា។ ស្ដេចថ្វាយយញ្ញបូជាដល់រូបបដិមាទាំងប៉ុន្មាន ដែលព្រះបាទម៉ាណាសេ ជាបិតា បានសូនធ្វើ ព្រមទាំងគោរពបម្រើរូបទាំងនោះទៀតផង។
23. ស្ដេចពុំបានសារភាពកំហុសដូចព្រះបាទម៉ាណាសេ ជាបិតា បានសារភាពនោះឡើយ គឺព្រះបាទអាំម៉ូនប្រព្រឹត្តអំពើបាបជាងបិតាទៅទៀត។
24. ពួកមន្ត្រីរបស់ព្រះបាទអាំម៉ូនបានឃុបឃិតគ្នាក្បត់នឹងស្ដេច ហើយធ្វើគុតស្ដេចក្នុងរាជវាំង។
25. ប៉ុន្តែ ប្រជាជនយូដានាំគ្នាប្រហារពួកក្បត់ ដែលបានឃុបឃិតគ្នាធ្វើគុតព្រះបាទអាំម៉ូន ហើយតែងតាំងព្រះបាទយ៉ូសៀស ជាបុត្រ ឲ្យឡើងស្នងរាជ្យ។