1. កាលព្រះបាទម៉ាណាសេឡើងសោយរាជ្យ ស្ដេចមានជន្មាយុដប់ពីរព្រះវស្សា ទ្រង់សោយរាជ្យបានហាសិបឆ្នាំនៅក្រុងយេរូសាឡឹម។
2. ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រាអែល។
3. ស្ដេចបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗឡើងវិញ គឺកន្លែងដែលព្រះបាទហេសេគា ជាបិតា បានកម្ទេចចោល។ ស្ដេចបានសង់អាសនៈរបស់ព្រះបាល និងដំឡើងបង្គោលព្រះអាសេរ៉ា ហើយក្រាបថ្វាយបង្គំ និងគោរពបម្រើផ្កាយទាំងប៉ុន្មាននៅលើមេឃ។
4. ស្ដេចបានសង់អាសនៈរបស់ព្រះដទៃ ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺនៅកន្លែងដែលព្រះអង្គមានព្រះបន្ទូលថា “យើងនឹងយកក្រុងយេរូសាឡឹមនេះ ទុកជាកន្លែងសម្រាប់នាមយើង រហូតតទៅ”។
5. ព្រះបាទម៉ាណាសេសង់អាសនៈសម្រាប់ផ្កាយទាំងប៉ុន្មាននៅលើមេឃ ក្នុងទីលានទាំងពីរនៃព្រះដំណាក់របស់ព្រះអម្ចាស់។
6. ស្ដេចបានយកបុត្រាទៅធ្វើបូជាយញ្ញនៅក្នុងជ្រលងភ្នំហ៊ីនណម ស្ដេចរកគ្រូមើលជោគរាសី ប្រព្រឹត្តមន្តអាគម និងអំពើអាបធ្មប់ ព្រមទាំងតែងតាំងឲ្យមានគ្រូអន្ទងខ្មោច និងគ្រូទស្សន៍ទាយផង។ ស្ដេចប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធ។
7. ព្រះបាទម៉ាណាសេយករូបបដិមា ដែលស្ដេចបានឲ្យគេឆ្លាក់ ទៅតម្កល់ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ថ្វីដ្បិតតែព្រះជាម្ចាស់ធ្លាប់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូនជាបុត្រថា “យើងបានជ្រើសរើសព្រះដំណាក់ និងក្រុងយេរូសាឡឹម ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល ទុកជាកន្លែងសម្រាប់នាមយើង រហូតតទៅ។
8. ប្រសិនបើប្រជាជនអ៊ីស្រាអែលកាន់តាមក្រឹត្យវិន័យទាំងប៉ុន្មាន ព្រមទាំងធ្វើតាមច្បាប់ និងបទបញ្ជាដែលយើងបានបង្គាប់មកតាមរយៈម៉ូសេ នោះយើងមិនធ្វើឲ្យពួកគេចាកចេញឆ្ងាយពីទឹកដី ដែលយើងបានចែកឲ្យដូនតារបស់គេឡើយ”។
9. ប៉ុន្តែ ព្រះបាទម៉ាណាសេបាននាំអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យវង្វេង រហូតដល់ប្រព្រឹត្តអំពើអាក្រក់ជាងប្រជាជាតិនានា ដែលព្រះអម្ចាស់បានបំផ្លាញ នៅចំពោះមុខកូនចៅអ៊ីស្រាអែលទៅទៀត។
10. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទម៉ាណាសេ និងប្រជាជន តែពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយ។
11. ពេលនោះ ព្រះអម្ចាស់នាំកងទ័ពរបស់ស្ដេចស្រុកអាស្ស៊ីរី ឲ្យមកវាយប្រហារជនជាតិយូដា ហើយចាប់បានព្រះបាទម៉ាណាសេដាក់កន្លុះ និងដាក់ខ្នោះលង្ហិនយ៉ាងជាប់នាំទៅក្រុងបាប៊ីឡូន។