4. ហើយប្រមូលប្រជាជនជាច្រើនមកជួបជុំគ្នា រួចបិទប្រភពទឹកទាំងអស់ ព្រមទាំងទប់ប្រឡាយដែលបង្ហូរទឹកនៅតំបន់នោះផង។ ពួកគេគិតគ្នាថា៖ «ពេលពួកអាស្ស៊ីរីមកដល់ គេមុខជាខ្វះទឹកពុំខាន»។
5. ព្រះបាទហេសេគាពង្រឹងទីក្រុង ដោយជួសជុលកំពែងត្រង់កន្លែងដែលបាក់បែក ស្ដេចលើកប៉មកំពែងឲ្យកាន់តែខ្ពស់ ព្រមទាំងសង់កំពែងមួយជាន់ទៀតពីខាងក្រៅ ហើយជួសជុលប៉មមីឡូនៅបុរីព្រះបាទដាវីឌ។ ស្ដេចក៏រកបានអាវុធ និងខែលមួយចំនួនធំដែរ។
6. ស្ដេចចាត់តាំងមេទ័ពឲ្យធ្វើជាមេបញ្ជាការលើប្រជាជន ហើយស្ដេចត្រាស់ហៅពួកគេឲ្យប្រជុំគ្នា នៅព្រលានជិតទ្វារក្រុង រួចមានរាជឱង្ការលើកទឹកចិត្តពួកគេថា៖
7. «ចូរមានកម្លាំង និងទឹកចិត្តក្លាហានឡើង! កុំភ័យខ្លាច ឬតក់ស្លុតនៅចំពោះមុខស្ដេចស្រុកអាស្ស៊ីរី និងកងទ័ពដ៏ច្រើនកុះកររបស់គេឡើយ ដ្បិតនៅខាងយើងមានកម្លាំងជាងពួកគេ។
8. ខាងស្ដេចស្រុកអាស្ស៊ីរីមានតែកម្លាំងមនុស្សលោកប៉ុណ្ណោះ រីឯខាងយើងវិញ យើងមានព្រះអម្ចាស់ជាព្រះនៃយើង ព្រះអង្គនឹងជួយគាំទ្រយើងនៅពេលប្រយុទ្ធ»។ ប្រជាជនក៏នាំគ្នាទុកចិត្តលើរាជឱង្ការរបស់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។
9. បន្ទាប់មក ព្រះចៅសានហេរីប ស្ដេចស្រុកអាស្ស៊ីរី ចាត់រាជបម្រើឲ្យមកក្រុងយេរូសាឡឹម ក្នុងពេលដែលស្ដេចគង់នៅក្បែរក្រុងឡាគីសជាមួយកងទ័ពទាំងអស់។ ស្ដេចបានចាត់ពួកគេឲ្យមកជួបព្រះបាទហេសេគា ជាស្ដេចស្រុកយូដា និងប្រជាជនយូដាទាំងអស់ ដែលស្ថិតនៅក្រុងយេរូសាឡឹម ដើម្បីប្រកាសដូចតទៅ៖
10. «ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី មានព្រះបន្ទូលថា “តើអ្នករាល់គ្នាមានអ្វីជាបង្អែកបានជាទ្រាំលំបាក នៅក្នុងក្រុងយេរូសាឡឹមបែបនេះ?”។
11. ស្ដេចហេសេគាបញ្ឆោតអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស្លាប់ ដោយអត់បាយ អត់ទឹក គឺស្ដេចប្រាប់ថា “ព្រះអម្ចាស់ជាព្រះនៃយើង នឹងរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីមិនខាន”។
12. ស្ដេចហេសេគាហ្នឹងហើយ ដែលបានបំផ្លាញទីសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងកម្ទេចអាសនៈរបស់ព្រះអម្ចាស់ រួចបង្គាប់ឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម គោរពថ្វាយបង្គំអាសនៈតែមួយ ហើយដុតគ្រឿងក្រអូបតែលើអាសនៈមួយនោះ!
13. អ្នករាល់គ្នាដឹងទេ ឬថា តើយើង និងដូនតារបស់យើងប្រព្រឹត្តបែបណា ចំពោះជាតិសាសន៍ដទៃទៀតលើផែនដីនេះ? តើព្រះរបស់ប្រជាជាតិទាំងឡាយបានរំដោះស្រុករបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់យើងឬទេ?
14. ក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងប៉ុន្មាន ដែលដូនតារបស់យើងបំផ្លាញថ្វាយផ្ដាច់ដល់ព្រះរបស់យើងនោះ គ្មានព្រះណាមួយអាចរំដោះប្រជាជនរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានឡើយ។ រីឯព្រះរបស់អ្នករាល់គ្នាក៏ពុំអាចរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានដែរ!