២ របាក្សត្រ 32:27-33 Khmer Standard Version (KHSV)

27. ព្រះ‌បាទ​ហេ‌សេគា​ទទួល​ទ្រព្យ​សម្បត្តិ និង​កិត្តិយស​យ៉ាង​ច្រើន។ ស្ដេច​បាន​សង់​ឃ្លាំង​សម្រាប់​ទុក​ប្រាក់ មាស ត្បូង​ពេជ្រ គ្រឿង​ក្រអូប ខែល និង​វត្ថុ​ទាំង​ប៉ុន្មាន​ដ៏​មាន​តម្លៃ។

28. ស្ដេច​ក៏​សង់​ឃ្លាំង​សម្រាប់​ផ្ទុក​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង ព្រម​ទាំង​ក្រោល​សម្រាប់​សត្វ​ពាហនៈ​គ្រប់​មុខ និង​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម។

29. ស្ដេច​បាន​សង់​ក្រុង​ផ្សេងៗ ហើយ​ស្ដេច​មាន​ហ្វូង​សត្វ​ជា​ច្រើន គឺ​ហ្វូង​គោ និង​ហ្វូង​ចៀម ដ្បិត​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ស្ដុក‌ស្ដម្ភ​បំផុត។

30. ព្រះ‌បាទ​ហេ‌សេគា​ក៏​បាន​ទប់​ប្រភព​ទឹក​គីហូន​ប៉ែក​ខាង​លើ ហើយ​បំបែរ​ផ្លូវ​ទឹក​ចុះ​ទៅ​ខាង​លិច​ក្នុង​បុរី​ព្រះ‌បាទ​ដាវីឌ។ អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​ហេ‌សេគា​ធ្វើ សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។

31. ប៉ុន្តែ នៅ​គ្រា​ដែល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ចាត់​ទូត​ឲ្យ​មក ដើម្បី​សួរ​ដំណឹង​អំពី​ឫទ្ធិ‌បាដិ‌ហារិយ៍ ដែល​កើត​មាន​នៅ​ក្នុង​ស្រុក ព្រះ‌ជាម្ចាស់​បាន​បោះ​បង់​ចោល​ព្រះ‌បាទ​ហេ‌សេគា ដើម្បី​ល្បង‌ល​មើល​ថា តើ​ស្ដេច​មាន​ព្រះ‌ហឫទ័យ​យ៉ាង​ណា។

32. រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​ហេ‌សេគា និង​ភក្ដី‌ភាព​របស់​ស្ដេច​ចំពោះ​ព្រះ‌ជាម្ចាស់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​និមិត្ត‌ហេតុ​របស់​ព្យាការី​អេ‌សាយ ជា​កូន​របស់​លោក​អម៉ូស ព្រម​ទាំង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

33. ពេល​ព្រះ‌បាទ​ហេ‌សេគា​សោយ​ទិវង្គត គេ​បាន​បញ្ចុះ​សព​ស្ដេច​ត្រង់​កន្លែង​ដែល​ខ្ពស់​ជាង​គេ ក្នុង​ទី​បញ្ចុះ​របស់​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​គោរព​ស្ដេច នៅ​ពេល​ដែល​ស្ដេច​សោយ​ទិវង្គត។ ព្រះ‌បាទ​ម៉ាណា‌សេ​ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

២ របាក្សត្រ 32