23. មនុស្សម្នាជាច្រើននាំយកតង្វាយមកថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម ព្រមទាំងយករបស់ផ្សេងទៀតមកថ្វាយព្រះបាទហេសេគា ជាស្ដេចស្រុកយូដាដែរ ដ្បិតចាប់ពីពេលនោះមក ប្រជាជាតិទាំងអស់គោរពរាប់អានស្ដេចគ្រប់ៗគ្នា។
24. នៅគ្រានោះ ព្រះបាទហេសេគាប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ស្ដេចបានទូលអង្វរព្រះអម្ចាស់ ហើយព្រះអម្ចាស់តបមកវិញ ដោយប្រទានទីសម្គាល់ដ៏អស្ចារ្យមួយ។
25. ប៉ុន្តែ ព្រះបាទហេសេគាពុំបានដឹងគុណព្រះជាម្ចាស់ ដែលសម្តែងព្រះហឫទ័យសប្បុរសចំពោះស្ដេចទេ គឺស្ដេចមានចិត្តអួតបំប៉ោង ធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងស្ដេច ព្រមទាំងអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។
26. ពេលនោះ ព្រះបាទហេសេគាដឹងខ្លួនខុស ស្ដេចក៏សារភាពកំហុសជាមួយប្រជាជននៅក្រុងយេរូសាឡឹម។ ដូច្នេះ ព្រះអម្ចាស់ពុំបានដាក់ទោសគេ ក្នុងពេលដែលព្រះបាទហេសេគានៅមានព្រះជន្មឡើយ។
27. ព្រះបាទហេសេគាទទួលទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើន។ ស្ដេចបានសង់ឃ្លាំងសម្រាប់ទុកប្រាក់ មាស ត្បូងពេជ្រ គ្រឿងក្រអូប ខែល និងវត្ថុទាំងប៉ុន្មានដ៏មានតម្លៃ។
28. ស្ដេចក៏សង់ឃ្លាំងសម្រាប់ផ្ទុកស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ព្រមទាំងក្រោលសម្រាប់សត្វពាហនៈគ្រប់មុខ និងវាលស្មៅសម្រាប់ហ្វូងចៀម។
29. ស្ដេចបានសង់ក្រុងផ្សេងៗ ហើយស្ដេចមានហ្វូងសត្វជាច្រើន គឺហ្វូងគោ និងហ្វូងចៀម ដ្បិតព្រះអម្ចាស់ប្រោសប្រទានឲ្យស្ដេចមានទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដម្ភបំផុត។
30. ព្រះបាទហេសេគាក៏បានទប់ប្រភពទឹកគីហូនប៉ែកខាងលើ ហើយបំបែរផ្លូវទឹកចុះទៅខាងលិចក្នុងបុរីព្រះបាទដាវីឌ។ អ្វីៗទាំងប៉ុន្មានដែលព្រះបាទហេសេគាធ្វើ សុទ្ធតែបានសម្រេចទាំងអស់។
31. ប៉ុន្តែ នៅគ្រាដែលស្ដេចស្រុកបាប៊ីឡូនចាត់ទូតឲ្យមក ដើម្បីសួរដំណឹងអំពីឫទ្ធិបាដិហារិយ៍ ដែលកើតមាននៅក្នុងស្រុក ព្រះជាម្ចាស់បានបោះបង់ចោលព្រះបាទហេសេគា ដើម្បីល្បងលមើលថា តើស្ដេចមានព្រះហឫទ័យយ៉ាងណា។
32. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទហេសេគា និងភក្ដីភាពរបស់ស្ដេចចំពោះព្រះជាម្ចាស់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅនិមិត្តហេតុរបស់ព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស ព្រមទាំងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា និងស្ដេចស្រុកអ៊ីស្រាអែល។
33. ពេលព្រះបាទហេសេគាសោយទិវង្គត គេបានបញ្ចុះសពស្ដេចត្រង់កន្លែងដែលខ្ពស់ជាងគេ ក្នុងទីបញ្ចុះរបស់ព្រះរាជវង្សព្រះបាទដាវីឌ។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល នាំគ្នាធ្វើពិធីបុណ្យគោរពស្ដេច នៅពេលដែលស្ដេចសោយទិវង្គត។ ព្រះបាទម៉ាណាសេជាបុត្រ បានឡើងស្នងរាជ្យ។