16. រាជបម្រើរបស់ព្រះចៅសានហេរីបចេះតែនាំគ្នាពោលពាក្យប្រមាថព្រះជាអម្ចាស់ និងប្រមាថព្រះបាទហេសេគា ជាអ្នកបម្រើរបស់ព្រះអង្គ បន្តទៅទៀត។
17. ស្ដេចស្រុកអាស្ស៊ីរីសរសេរលិខិតមួយ ដើម្បីប្រមាថព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល គឺក្នុងលិខិតនោះ ស្ដេចថ្លែងថា៖ «ព្រះទាំងប៉ុន្មានរបស់ប្រជាជាតិនានានៅផែនដីនេះ មិនអាចរំដោះប្រជាជនរបស់ខ្លួនឲ្យរួចផុតពីកណ្ដាប់ដៃរបស់យើងបានឡើយ។ ដូច្នេះ ព្រះរបស់ស្ដេចហេសេគាក៏ពុំអាចរំដោះប្រជាជនរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានដែរ!»។
18. រាជបម្រើរបស់ស្ដេចស្រុកអាស្ស៊ីរីនាំគ្នាស្រែកប្រកាសយ៉ាងខ្លាំងៗជាភាសាយូដា ក្នុងគោលបំណងធ្វើឲ្យប្រជាជន ដែលស្ថិតនៅតាមកំពែងក្រុងយេរូសាឡឹមព្រឺខ្លាច និងភ័យតក់ស្លុត ដើម្បីឲ្យពួកគេងាយចូលវាយយកទីក្រុង។
19. ពួកគេនិយាយពីព្រះនៃក្រុងយេរូសាឡឹម ហាក់ដូចជានិយាយពីព្រះរបស់ជាតិសាសន៍នានានៅផែនដី ដែលសុទ្ធសឹងជាស្នាដៃរបស់មនុស្ស។
20. ព្រះបាទហេសេគា និងព្យាការីអេសាយ ជាកូនរបស់លោកអម៉ុស បានទូលអង្វរព្រះជាម្ចាស់ ដើម្បីសូមព្រះអង្គជួយ។
21. ពេលនោះ ព្រះអម្ចាស់ចាត់ទេវតាមួយរូប ឲ្យមកប្រល័យជីវិតទាហានដ៏ខ្លាំងពូកែទាំងប៉ុន្មាន ព្រមទាំងពួកមេបញ្ជាការ និងពួកមេទ័ព នៅក្នុងទីតាំងទ័ពរបស់ស្ដេចស្រុកអាស្ស៊ីរី។ ស្ដេចវិលត្រឡប់ទៅស្រុកវិញ ទាំងអាម៉ាស់មុខ។ ស្ដេចចូលទៅក្នុងវិហារនៃព្រះរបស់ស្ដេច ហើយពេលនោះ បុត្របង្កើតរបស់ស្ដេចនាំគ្នាធ្វើគុតស្ដេចដោយមុខដាវ។
22. ព្រះអម្ចាស់បានរំដោះព្រះបាទហេសេគា និងប្រជាជននៅក្រុងយេរូសាឡឹម ពីកណ្ដាប់ដៃរបស់ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី និងខ្មាំងសត្រូវទាំងប៉ុន្មាន ហើយការពារប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ទិសទី។
23. មនុស្សម្នាជាច្រើននាំយកតង្វាយមកថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម ព្រមទាំងយករបស់ផ្សេងទៀតមកថ្វាយព្រះបាទហេសេគា ជាស្ដេចស្រុកយូដាដែរ ដ្បិតចាប់ពីពេលនោះមក ប្រជាជាតិទាំងអស់គោរពរាប់អានស្ដេចគ្រប់ៗគ្នា។
24. នៅគ្រានោះ ព្រះបាទហេសេគាប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ស្ដេចបានទូលអង្វរព្រះអម្ចាស់ ហើយព្រះអម្ចាស់តបមកវិញ ដោយប្រទានទីសម្គាល់ដ៏អស្ចារ្យមួយ។
25. ប៉ុន្តែ ព្រះបាទហេសេគាពុំបានដឹងគុណព្រះជាម្ចាស់ ដែលសម្តែងព្រះហឫទ័យសប្បុរសចំពោះស្ដេចទេ គឺស្ដេចមានចិត្តអួតបំប៉ោង ធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងស្ដេច ព្រមទាំងអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។