1. ក្រោយពេលដែលព្រះបាទហេសេគាសម្តែងភក្ដីភាពចំពោះព្រះជាម្ចាស់នោះមក ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកលុកលុយស្រុកយូដា ហើយឡោមព័ទ្ធក្រុងនានាដែលមានកំពែងរឹងមាំ ព្រមទាំងបញ្ជាឲ្យកងទ័ពវាយសម្រុកក្រុងទាំងនោះទៀតផង។
2. កាលព្រះបាទហេសេគា ឃើញព្រះចៅសានហេរីប លើកទ័ពមកបម្រុងនឹងវាយលុកក្រុងយេរូសាឡឹម
3. ស្ដេចក៏ប្រជុំពិភាក្សាជាមួយពួកមេទ័ព និងនាយទាហានដ៏អង់អាចរបស់ស្ដេច ដើម្បីសម្រេចបិទប្រភពទឹកដែលនៅខាងក្រៅទីក្រុង។ ពួកគេគាំទ្រស្ដេច
4. ហើយប្រមូលប្រជាជនជាច្រើនមកជួបជុំគ្នា រួចបិទប្រភពទឹកទាំងអស់ ព្រមទាំងទប់ប្រឡាយដែលបង្ហូរទឹកនៅតំបន់នោះផង។ ពួកគេគិតគ្នាថា៖ «ពេលពួកអាស្ស៊ីរីមកដល់ គេមុខជាខ្វះទឹកពុំខាន»។
5. ព្រះបាទហេសេគាពង្រឹងទីក្រុង ដោយជួសជុលកំពែងត្រង់កន្លែងដែលបាក់បែក ស្ដេចលើកប៉មកំពែងឲ្យកាន់តែខ្ពស់ ព្រមទាំងសង់កំពែងមួយជាន់ទៀតពីខាងក្រៅ ហើយជួសជុលប៉មមីឡូនៅបុរីព្រះបាទដាវីឌ។ ស្ដេចក៏រកបានអាវុធ និងខែលមួយចំនួនធំដែរ។
6. ស្ដេចចាត់តាំងមេទ័ពឲ្យធ្វើជាមេបញ្ជាការលើប្រជាជន ហើយស្ដេចត្រាស់ហៅពួកគេឲ្យប្រជុំគ្នា នៅព្រលានជិតទ្វារក្រុង រួចមានរាជឱង្ការលើកទឹកចិត្តពួកគេថា៖
7. «ចូរមានកម្លាំង និងទឹកចិត្តក្លាហានឡើង! កុំភ័យខ្លាច ឬតក់ស្លុតនៅចំពោះមុខស្ដេចស្រុកអាស្ស៊ីរី និងកងទ័ពដ៏ច្រើនកុះកររបស់គេឡើយ ដ្បិតនៅខាងយើងមានកម្លាំងជាងពួកគេ។
8. ខាងស្ដេចស្រុកអាស្ស៊ីរីមានតែកម្លាំងមនុស្សលោកប៉ុណ្ណោះ រីឯខាងយើងវិញ យើងមានព្រះអម្ចាស់ជាព្រះនៃយើង ព្រះអង្គនឹងជួយគាំទ្រយើងនៅពេលប្រយុទ្ធ»។ ប្រជាជនក៏នាំគ្នាទុកចិត្តលើរាជឱង្ការរបស់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។
9. បន្ទាប់មក ព្រះចៅសានហេរីប ស្ដេចស្រុកអាស្ស៊ីរី ចាត់រាជបម្រើឲ្យមកក្រុងយេរូសាឡឹម ក្នុងពេលដែលស្ដេចគង់នៅក្បែរក្រុងឡាគីសជាមួយកងទ័ពទាំងអស់។ ស្ដេចបានចាត់ពួកគេឲ្យមកជួបព្រះបាទហេសេគា ជាស្ដេចស្រុកយូដា និងប្រជាជនយូដាទាំងអស់ ដែលស្ថិតនៅក្រុងយេរូសាឡឹម ដើម្បីប្រកាសដូចតទៅ៖