8. ព្រះបាទហេសេគា និងពួកមន្ត្រី មកមើលគំនរតង្វាយទាំងនោះ ហើយនាំគ្នាអរព្រះគុណព្រះអម្ចាស់ និងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
9. ព្រះបាទហេសេគាសាកសួរក្រុមបូជាចារ្យ និងក្រុមលេវី ស្ដីអំពីគំនរតង្វាយទាំងនោះ។
10. លោកមហាបូជាចារ្យអសារាពីអំបូរសាដុក ទូលស្ដេចថា៖ «ចាប់ពីពេលប្រជាជននាំតង្វាយ ដែលគេបានញែកទុក មកដាក់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នោះយើងមានអាហារបរិភោគយ៉ាងបរិបូណ៌ ថែមទាំងនៅសេសសល់ជាច្រើនឥតគណនាផង ដ្បិតព្រះអម្ចាស់ប្រទានពរដល់ប្រជារាស្ត្ររបស់ព្រះអង្គ។ អ្វីៗដែលគរនៅទីនេះ សុទ្ធតែជារបស់ដែលយើងមានលើសពីសេចក្ដីត្រូវការ»។
11. ព្រះបាទហេសេគាបង្គាប់ឲ្យគេរៀបចំបន្ទប់ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ពេលរៀបចំរួចស្រេចហើយ
12. គេក៏នាំយកតង្វាយដែលគេបានញែកទុកដោយឡែក និងតង្វាយមួយភាគដប់ ព្រមទាំងតង្វាយដ៏សក្ការៈផ្សេងទៀត យកមកទុកក្នុងបន្ទប់នោះជាប្រក្រតី។ លោកកូណានាជាក្រុមលេវី មានភារកិច្ចមើលខុសត្រូវលើតង្វាយទាំងនោះ ដោយមានលោកស៊ីម៉ៃ ជាប្អូនរបស់គាត់ ជាអ្នកជំនួយការ។
13. ព្រះបាទហេសេគា និងលោកមហាបូជាចារ្យអសារា ដែលទទួលខុសត្រូវលើការងារក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ បានតែងតាំងលោកយេហ៊ីអែល លោកអសាស៊ា លោកណាហាត លោកអេសាអែល លោកយេរីម៉ុត លោកយ៉ូសាបាដ លោកអេលាល លោកយីសម៉ាគា លោកម៉ាហាត និងលោកបេណាយ៉ា ឲ្យធ្វើការនៅក្រោមបញ្ជារបស់លោកកូណានា និងលោកស៊ីម៉ៃ ជាប្អូន។
14. លោកកូរេ ជាកូនរបស់លោកយីមណាពីក្រុមលេវី ដែលជាឆ្មាំខ្លោងទ្វារខាងកើត ទទួលបន្ទុកលើតង្វាយស្ម័គ្រចិត្ត ដែលប្រជាជនយកមកថ្វាយព្រះជាម្ចាស់ ហើយលោកក៏ទទួលភារកិច្ចចែកស្បៀងអាហារ ដែលប្រជាជនញែកថ្វាយព្រះអម្ចាស់ និងតង្វាយសក្ការៈឯទៀតៗដែរ។
15. លោកមានសហការី នៅតាមក្រុងនានារបស់បូជាចារ្យ ដើម្បីជួយចែកស្បៀងអាហារយ៉ាងស្មោះត្រង់ដល់បូជាចារ្យ ទាំងតូច ទាំងធំតាមជាន់ថ្នាក់។ សហការីទាំងនោះមានលោកអេដែន លោកមីនយ៉ាមីន លោកយេសួរ លោកសេម៉ារា លោកអម៉ារា និងលោកសេកានា។
16. ពួកគេមិនចែកស្បៀងអាហារឲ្យអស់អ្នកដែលមានឈ្មោះក្នុងបញ្ជី ចាប់ពីបីឆ្នាំឡើងទៅប៉ុណ្ណោះទេ គឺចែកឲ្យអស់អ្នកដែលទទួលចូលបម្រើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ តាមវេនតាមក្រុមរបស់ខ្លួន ជារៀងរាល់ថ្ងៃដែរ។
17. គេជំរឿនបូជាចារ្យតាមក្រុមគ្រួសាររបស់ខ្លួន រីឯក្រុមលេវី គេជំរឿនអ្នកដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ តាមក្រុម តាមជាន់ថ្នាក់របស់ខ្លួន។