7. គេបានចាប់ផ្ដើមប្រមូលតង្វាយមកដាក់ជាគំនរ ចាប់ពីខែទីបី រហូតដល់ខែទីប្រាំពីរ។
8. ព្រះបាទហេសេគា និងពួកមន្ត្រី មកមើលគំនរតង្វាយទាំងនោះ ហើយនាំគ្នាអរព្រះគុណព្រះអម្ចាស់ និងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
9. ព្រះបាទហេសេគាសាកសួរក្រុមបូជាចារ្យ និងក្រុមលេវី ស្ដីអំពីគំនរតង្វាយទាំងនោះ។
10. លោកមហាបូជាចារ្យអសារាពីអំបូរសាដុក ទូលស្ដេចថា៖ «ចាប់ពីពេលប្រជាជននាំតង្វាយ ដែលគេបានញែកទុក មកដាក់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នោះយើងមានអាហារបរិភោគយ៉ាងបរិបូណ៌ ថែមទាំងនៅសេសសល់ជាច្រើនឥតគណនាផង ដ្បិតព្រះអម្ចាស់ប្រទានពរដល់ប្រជារាស្ត្ររបស់ព្រះអង្គ។ អ្វីៗដែលគរនៅទីនេះ សុទ្ធតែជារបស់ដែលយើងមានលើសពីសេចក្ដីត្រូវការ»។
11. ព្រះបាទហេសេគាបង្គាប់ឲ្យគេរៀបចំបន្ទប់ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ពេលរៀបចំរួចស្រេចហើយ
12. គេក៏នាំយកតង្វាយដែលគេបានញែកទុកដោយឡែក និងតង្វាយមួយភាគដប់ ព្រមទាំងតង្វាយដ៏សក្ការៈផ្សេងទៀត យកមកទុកក្នុងបន្ទប់នោះជាប្រក្រតី។ លោកកូណានាជាក្រុមលេវី មានភារកិច្ចមើលខុសត្រូវលើតង្វាយទាំងនោះ ដោយមានលោកស៊ីម៉ៃ ជាប្អូនរបស់គាត់ ជាអ្នកជំនួយការ។
13. ព្រះបាទហេសេគា និងលោកមហាបូជាចារ្យអសារា ដែលទទួលខុសត្រូវលើការងារក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ បានតែងតាំងលោកយេហ៊ីអែល លោកអសាស៊ា លោកណាហាត លោកអេសាអែល លោកយេរីម៉ុត លោកយ៉ូសាបាដ លោកអេលាល លោកយីសម៉ាគា លោកម៉ាហាត និងលោកបេណាយ៉ា ឲ្យធ្វើការនៅក្រោមបញ្ជារបស់លោកកូណានា និងលោកស៊ីម៉ៃ ជាប្អូន។