11. ព្រះបាទហេសេគាបង្គាប់ឲ្យគេរៀបចំបន្ទប់ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ពេលរៀបចំរួចស្រេចហើយ
12. គេក៏នាំយកតង្វាយដែលគេបានញែកទុកដោយឡែក និងតង្វាយមួយភាគដប់ ព្រមទាំងតង្វាយដ៏សក្ការៈផ្សេងទៀត យកមកទុកក្នុងបន្ទប់នោះជាប្រក្រតី។ លោកកូណានាជាក្រុមលេវី មានភារកិច្ចមើលខុសត្រូវលើតង្វាយទាំងនោះ ដោយមានលោកស៊ីម៉ៃ ជាប្អូនរបស់គាត់ ជាអ្នកជំនួយការ។
13. ព្រះបាទហេសេគា និងលោកមហាបូជាចារ្យអសារា ដែលទទួលខុសត្រូវលើការងារក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ បានតែងតាំងលោកយេហ៊ីអែល លោកអសាស៊ា លោកណាហាត លោកអេសាអែល លោកយេរីម៉ុត លោកយ៉ូសាបាដ លោកអេលាល លោកយីសម៉ាគា លោកម៉ាហាត និងលោកបេណាយ៉ា ឲ្យធ្វើការនៅក្រោមបញ្ជារបស់លោកកូណានា និងលោកស៊ីម៉ៃ ជាប្អូន។
14. លោកកូរេ ជាកូនរបស់លោកយីមណាពីក្រុមលេវី ដែលជាឆ្មាំខ្លោងទ្វារខាងកើត ទទួលបន្ទុកលើតង្វាយស្ម័គ្រចិត្ត ដែលប្រជាជនយកមកថ្វាយព្រះជាម្ចាស់ ហើយលោកក៏ទទួលភារកិច្ចចែកស្បៀងអាហារ ដែលប្រជាជនញែកថ្វាយព្រះអម្ចាស់ និងតង្វាយសក្ការៈឯទៀតៗដែរ។
15. លោកមានសហការី នៅតាមក្រុងនានារបស់បូជាចារ្យ ដើម្បីជួយចែកស្បៀងអាហារយ៉ាងស្មោះត្រង់ដល់បូជាចារ្យ ទាំងតូច ទាំងធំតាមជាន់ថ្នាក់។ សហការីទាំងនោះមានលោកអេដែន លោកមីនយ៉ាមីន លោកយេសួរ លោកសេម៉ារា លោកអម៉ារា និងលោកសេកានា។
16. ពួកគេមិនចែកស្បៀងអាហារឲ្យអស់អ្នកដែលមានឈ្មោះក្នុងបញ្ជី ចាប់ពីបីឆ្នាំឡើងទៅប៉ុណ្ណោះទេ គឺចែកឲ្យអស់អ្នកដែលទទួលចូលបម្រើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ តាមវេនតាមក្រុមរបស់ខ្លួន ជារៀងរាល់ថ្ងៃដែរ។
17. គេជំរឿនបូជាចារ្យតាមក្រុមគ្រួសាររបស់ខ្លួន រីឯក្រុមលេវី គេជំរឿនអ្នកដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ តាមក្រុម តាមជាន់ថ្នាក់របស់ខ្លួន។
18. អ្នកទាំងនោះត្រូវជំរឿន ដោយគិតទាំងប្រពន្ធ ទាំងកូនប្រុស កូនស្រីរបស់គេ ហើយសូម្បីតែទារកតូចៗក៏រាប់បញ្ចូលដែរ ដ្បិតពួកគេត្រូវញែកខ្លួនទាំងស្រុង ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។
19. ចំណែកឯបូជាចារ្យ ជាពូជពង្សរបស់លោកអើរ៉ុន ដែលរស់នៅតាមភូមិស្រុកជុំវិញក្រុងនានា គេបានតែងតាំងអ្នកទទួលខុសត្រូវ តាមឈ្មោះរបស់ខ្លួន ឲ្យចែកស្បៀងអាហារដល់ក្រុមបូជាចារ្យ ព្រមទាំងក្រុមលេវីដែលមានឈ្មោះក្នុងបញ្ជីដែរ។
20. ព្រះបាទហេសេគាបានចាត់ចែងរបៀបនេះ ក្នុងស្រុកយូដាទាំងមូល។ ស្ដេចបានប្រព្រឹត្តយ៉ាងសុចរិត ល្អត្រឹមត្រូវ និងដោយចិត្តស្មោះស្ម័គ្រ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ជាព្រះរបស់ស្ដេច។
21. គ្រប់កិច្ចការដែលស្ដេចធ្វើ គឺការចាត់ចែងឲ្យមានពិធីគោរពបម្រើព្រះជាម្ចាស់ក្នុងព្រះដំណាក់ក្ដី ការគោរពក្រឹត្យវិន័យ និងបទបញ្ជារបស់ព្រះជាម្ចាស់ក្ដី ស្ដេចធ្វើដោយចិត្តស្វែងរកព្រះអង្គ ហើយស្ដេចក៏ធ្វើយ៉ាងអស់ពីចិត្ត រហូតដល់សម្រេចបានជោគជ័យ។