1. លុះធ្វើពិធីបុណ្យចប់សព្វគ្រប់ហើយ ជនជាតិអ៊ីស្រាអែលទាំងអស់ ដែលបានមកចូលរួម នាំគ្នាចេញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយកម្ទេចស្តូប រំលំបង្គោលរបស់ព្រះអាសេរ៉ា បំផ្លាញកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈទាំងឡាយដែលមាននៅក្នុងទឹកដីយូដា និងបេនយ៉ាមីនទាំងមូល ព្រមទាំងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ។ បន្ទាប់មក ជនជាតិអ៊ីស្រាអែលទាំងអស់វិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួន តាមក្រុងនានាវិញ។
2. ព្រះបាទហេសេគាបានតែងតាំងក្រុមបូជាចារ្យ និងក្រុមលេវីតាមជាន់ថ្នាក់ ឲ្យបំពេញមុខងាររបស់គេរៀងៗខ្លួនវិញ គឺក្រុមបូជាចារ្យ និងក្រុមលេវីដែលបំពេញមុខងារថ្វាយតង្វាយដុត*ទាំងមូល និងយញ្ញបូជាមេត្រីភាព ព្រមទាំងអ្នកដែលបម្រើការងារក្នុងព្រះវិហារ អ្នកចម្រៀងសម្រាប់លើកតម្កើងព្រះអម្ចាស់ និងអ្នកយាមទ្វារពន្លារបស់ព្រះអម្ចាស់។
3. ព្រះរាជាបានយករាជទ្រព្យមួយចំណែក សម្រាប់បង់ចំណាយទៅលើតង្វាយដុតទាំងមូល ដែលត្រូវថ្វាយនៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃសប្ប័ទ* នៅបុណ្យដើមខែ និងបុណ្យដ៏សំខាន់ៗផ្សេងទៀត ដូចមានចែងទុកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់។
4. ព្រះរាជាបង្គាប់ប្រជាជន និងអ្នកក្រុងយេរូសាឡឹម ឲ្យប្រគល់ចំណែករបស់ក្រុមបូជាចារ្យ និងក្រុមលេវីទៅពួកគេ ធ្វើដូច្នេះ ពួកគេមិនខ្វល់ខ្វាយនឹងអ្វីផ្សេងទៀត ក្រៅពីគិតដល់ក្រឹត្យវិន័យរបស់ព្រះអម្ចាស់។
5. ពេលប្រជាជនអ៊ីស្រាអែលទទួលបញ្ជារបស់ស្ដេចហើយ ពួកគេនាំយកផលដំបូងនៃស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ទឹកឃ្មុំ និងផលដំណាំផ្សេងៗទៀតយ៉ាងច្រើនបរិបូណ៌ ហើយពួកគេក៏នាំយកមួយភាគដប់នៃអ្វីៗដែលខ្លួនមាន មកថ្វាយយ៉ាងបរិបូណ៌ដែរ។
6. កូនចៅអ៊ីស្រាអែល និងកូនចៅយូដាដែលរស់នៅតាមក្រុងនានា ក្នុងស្រុកយូដា បាននាំគោ និងចៀម មកថ្វាយជាតង្វាយមួយភាគដប់ ហើយគេក៏យកអ្វីៗទាំងអស់ ដែលញែកជាសក្ការៈថ្វាយដល់ព្រះអម្ចាស់ជាព្រះរបស់ខ្លួន មកថ្វាយជាតង្វាយមួយភាគដប់ដែរ។ គេដាក់តង្វាយទាំងនោះជាច្រើនគំនរ។
7. គេបានចាប់ផ្ដើមប្រមូលតង្វាយមកដាក់ជាគំនរ ចាប់ពីខែទីបី រហូតដល់ខែទីប្រាំពីរ។
8. ព្រះបាទហេសេគា និងពួកមន្ត្រី មកមើលគំនរតង្វាយទាំងនោះ ហើយនាំគ្នាអរព្រះគុណព្រះអម្ចាស់ និងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
9. ព្រះបាទហេសេគាសាកសួរក្រុមបូជាចារ្យ និងក្រុមលេវី ស្ដីអំពីគំនរតង្វាយទាំងនោះ។