7. មិនត្រូវធ្វើដូចដូនតា ឬបងប្អូនរបស់អ្នករាល់គ្នា ដែលបានបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួននោះឡើយ។ ព្រះអង្គធ្វើឲ្យពួកគេវិនាសអន្តរាយ ដូចអ្នករាល់គ្នាឃើញស្រាប់ហើយ។
8. ឥឡូវនេះ កុំតាំងចិត្តរឹងរូសដូចដូនតារបស់អ្នករាល់គ្នាឡើយ តែត្រូវចុះចូលនឹងព្រះអម្ចាស់ ហើយនាំគ្នាមកទីសក្ការៈ ដែលព្រះអង្គបានញែកជាវិសុទ្ធ*រហូតតទៅ។ ចូរគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដើម្បីឲ្យព្រះអង្គលែងព្រះពិរោធនឹងអ្នករាល់គ្នាទៀត។
9. ប្រសិនបើអ្នករាល់គ្នាវិលមករកព្រះអម្ចាស់វិញ បងប្អូន និងកូនចៅរបស់អ្នករាល់គ្នា មុខជាទទួលការអាណិតមេត្តាពីសំណាក់អស់អ្នកដែលចាប់ពួកគេទៅជាឈ្លើយ ហើយពួកគេនឹងវិលត្រឡប់មកស្រុកវិញ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា តែងតែប្រណីសន្ដោស ទ្រង់ប្រកបដោយព្រះហឫទ័យអាណិតអាសូរ។ ប្រសិនបើអ្នករាល់គ្នាវិលមករកព្រះអង្គវិញនោះ ព្រះអង្គនឹងមិនបែរព្រះភ័ក្ត្រចេញពីអ្នករាល់គ្នាឡើយ»។
10. ពួកអ្នកនាំសារធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ក្នុងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ រហូតដល់ទឹកដីសាប់យូឡូន តែប្រជាជនសើចចំអក និងប្រមាថមើលងាយពួកគេ។
11. ប៉ុន្តែ មានមនុស្សមួយចំនួន ក្នុងកុលសម្ព័ន្ធអេស៊ើរ ម៉ាណាសេ និងសាប់យូឡូនទទួលស្គាល់កំហុស ហើយនាំគ្នាមកក្រុងយេរូសាឡឹម។
12. នៅស្រុកយូដា ព្រះជាម្ចាស់ជំរុញប្រជាជនឲ្យមានចិត្តគំនិតតែមួយ ធ្វើតាមបញ្ជារបស់ស្ដេច និងពួកមន្ត្រីស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
13. ប្រជាជនជាច្រើនបានមកជួបជុំគ្នានៅក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យនំបុ័ងឥតមេ* នៅខែទីពីរ។ ពេលនោះ អង្គប្រជុំមានចំនួនច្រើនកុះករ។
14. ពួកគេផ្ដើមពិធីបុណ្យ ដោយនាំគ្នារំលំអាសនៈទាំងឡាយនៅក្រុងយេរូសាឡឹម ព្រមទាំងរំលំអាសនៈដុតគ្រឿងក្រអូបទាំងប៉ុន្មាន រួចយកទៅបោះចោលនៅជ្រោះកេដ្រូន។